Bayern ​ចង់​យក Wenger ​ដឹក​នាំ​សិន ​រហូត​ចប់​រដូវ​កាល​នេះ​

ក្លឹប Bayern Munich ​ត្រៀម​ស្នើ​យក​លោក Arsene Wenger ​មក​ដឹក​នាំ​ក្រុម​រហូត​ដល់​ចប់​រដូវ​កាល​នេះ​សិន ​ក្រោយ​ពី​បណ្ដេញ​លោក Kovac ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម។

Bayern ​បាន​បណ្ដេញ​លោក Kovac ​ចេញ​ពី​តំណែង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ចាញ់ Frankfurt ​ក្នុង​លទ្ធផល ​៥-១ ​ក្នុង​លីគ​អាល្លឺម៉ង់។ ​ក្រោយ​ពី​ការ​បណ្ដេញ​នេះ ​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ ​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី ​ហើយ​លោក Wenger ​គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ។ ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា ​ក្លឹប Bayern Munich ​នឹង​ស្នើ​ទៅ​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​ម្នាក់​នេះ ​ដើម្បី​ដឹក​នាំ​ក្រុម​រហូត​ដល់​ចប់​រដូវ​កាល​នេះ​សិន។

បុរស​វ័យ​៧០​ឆ្នាំ​នេះ ​បាន​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម Bayern Munich ​រួច​ទៅ​ហើយ​ក្នុង​សប្ដាហ៍​នេះ ប៉ុន្តែ​មិន​ទាន់​សម្រេច​អ្វី​បាន​នៅ​ឡើយ​ទេ។ ក្រៅ​ពី​លោក Wenger ​ក្រុម Bayern Munich ​ក៏​ចង់​បាន​លោក Erik Ten Hag ​ដែល​កំពុង​ដឹក​នាំ​ក្រុម Ajax ​ផង​ដែរ ប៉ុន្តែ​ត្រូវ​សាមី​ខ្លួន​បដិសេធ ​ព្រោះ​ចង់​ដឹក​នាំ​ក្រុម Ajax ​បន្ដ​ទៀត​សិន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT