ប្រធាន​ក្លឹប Monaco ទម្លាយ​ក្លឹប​ថ្មី​មួយ​បន្ទាប់​ពី PSG ដែល Mbappe នឹង​ដើរ​ចូល

ប្រធាន​ក្លឹប Monaco លោក​ Vadim Vasilyev ​បាន​ទម្លាយ​ជុំវិញ​ការ​សន្ទនា​របស់​ខ្លួន​និង​អតីត​កីឡាករ Kylian Mbappe ​ទាក់ទិន​នឹង​អនាគត​ក្នុង​ការ​ចូលរួម​ជាមួយ​ក្លឹប​ថ្មី។ 

Mbappe ដែល​ចាកចេញ​ពី Monaco ទៅ​ចូលរួម​នៅ PSG នា​ឆ្នាំ ២០១៨ សព្វថ្ងៃ​កំពុង​ជាប់​ចចាមអារ៉ាម​ថា​អាច​នឹង​ផ្លាស់​ទៅ​ក្លឹប Real Madrid។ ឆ្លើយតប​រឿងរ៉ាវ​នេះ​លោក Vasilyev ក៏​មាន​ការ​ទទួល​ស្គាល់ ហើយ​លម្អិត​ថា​ទ្រនំ​ស្តេច​ស Madrid គឺ​ពិត​ជា​គោលដៅ​បន្ទាប់​របស់ Mbappe គ្រាន់​តែ​ត្រូវការ​ពេលវេលា។

លោក​ប្រាប់​សារព័ត៌មាន Telefoot ថា៖ “Mbappe គេ​ប្រាប់​ខ្ញុំ​ពី​បំណង​ផ្លាស់​ទៅ​ចូលរួម​នៅ Real Madrid ​ដោយ​គ្រាន់​តែ​ថា​ពេល​នោះ​វា​លឿន​ពេក ហើយ​ណា​មួយ​ចង់​បង្កើត​ប្រវត្តិសាស្រ្ត​នៅ​ក្លឹប​ក្នុង​ប្រទេស​កំណើត [បារាំង] សិន”។

លោក​សង្កត់​ធ្ងន់៖ “អ៊ីចឹង Real Madrid អាច​រង់ចាំ Mbappe បន្តិច​ទៀត​សិន​បាន”។ គួរ​បញ្ជាក់​ថា​កុងត្រា​របស់​យុវជន​តម្លៃ ១៧០ លាន​អឺរ៉ូ​រូប​នេះ​ជាប់​សេសសល់​ជាមួយ​ក្លឹប​បារាំង​ដល់​ឆ្នាំ ២០២២ ឯ​ណោះ៕ ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT