បេក្ខភាព​ធំៗ ៣ រូប​មាន​ភាគរយ​ខ្ពស់​ដឹកនាំ Bayern បន្ត​ពី​ការ​ចាកចេញ​របស់ Kovac

លោក Niko Kovac ទើប​តែ​របូត​តំណែង​ជា​អ្នកចាត់ការ​ក្លឹប Bayern Munich នៅ​ថ្មីៗ​នេះ ក្រោយ​ពី​បរាជ័យ​ទល់ Frankfurt ក្នុង​លទ្ធផល​ស្ពឹក​មុខ ៥-១។

បែប​ណា​មិញ​អ្នកចាត់ការ​ទំនេរ​ជើង​ធំៗ ៣ រូប​ក៏​សម្លឹង​មក​កាន់​តំណែង​នេះ​បន្ត​ពី​លោក Kovac ស្រប​ពេល​ដែល​នៅ Bundesliga ​ការ​ប្រកួត​ក៏​ទើប​ឈាន​ដល់​ជុំ​ទី ១០ ប៉ុណ្ណោះ។

ក្នុង​នោះ​មាន​លោក Massimiliano Allegri ដែល​ចាកចោល​តំណែង​ជាមួយ​នឹង Juventus ​ក្រោយ​ពេល​បញ្ចប់​រដូវ​កាល ២០១៨/១៩ លើក​ពាន Serie A លើក​ចុង​ក្រោយ​ជាមួយ​នឹង Cristiano Ronaldo។ រី​ឯ Arsene Wenger ត្បិត​មាន​វ័យ​ចំណាស់​បន្តិច​មែន ប៉ុន្តែ​ភាព​ជោគជាំ​ក្នុង​ការ​ដឹកនាំ ជា​ពិសេស​ជាមួយ​ក្លឹប Arsenal គឺ​លោក​ចាយ​ពេល​មិន​ចេះ​តិច​ឆ្នាំ បែប​នេះ​ក៏​មាន​សង្ឃឹម​អាច​ទាញ​ឲ្យ Bayern ឡើង​មក​ឈរ​កំពូល​តារាង​វិញ​ដែរ។

មិន​ខុស​ពី​លោក Jose Mourinho ដែល​បាត់បង់​តំណែង​គ្រូ​បង្វឹក​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៨ ​ត្រូវ​បាន​គេ​ដឹង​ថា​រង់ចាំ​តែ​តំណែង​អ្នកចាត់ការ​នៅ​ក្លឹប​ធំៗ​ប៉ុណ្ណោះ ត្បិត​អី​មាន​ក្លឹប​កម្រិត​មធ្យម​ជា​ច្រើន​បាន​ព្យាយាម​ទាក់ទាញ​ចង់​បាន​លោក​ក៏​ដោយ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT