យុវជនបឹងកេត២រូប ជាប់ជម្រើសជាតិកម្ពុជា U-19 ត្រៀមប្រកួតជម្រុះ AFC

កីឡាករយុវជនពីររូបរបស់យើង គឺ សឿត ណាវ៉ា និង លី ម៉ាឯល ត្រូវបានជ្រើសរើសចូលក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រៀមការប្រកួតជម្រុះ AFC U-19 Championship 2020 ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅពហុកីឡដ្ឋានជាតិ។

ដោយធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ឆ្នាំ ទៅប្រកួតនៅវៀតណាម ណាវ៉ា បាននិយាយថា៖ ” ការលេងនៅវៀតណាម ទល់នឹងម៉ាឡេស៊ី យើងចាញ់ពួកគេ ៣-០ តែលើកនេះ យើងសង្ឃឹមនឹងទទួលបានលទ្ធផលល្អ ព្រោះយើងលេងក្នុងទឹកដីរបស់យើង និងមានអ្នកគាំទ្រពួកយើងជាច្រើនផ្តល់កម្លាំងចិត្ត អញ្ចឹងលទ្ធផលខ្ញុំគិតថានឹងប្រសើរជាងលើកមុន ។ ចំពោះថៃវិញ លើកមុនយើអាចឈ្នះពួកគេ ៤-៣ តែលើកនេះប្រហែលជាពិបាក ព្រោះពួកគេបានផ្លាស់ប្តូរកីឡាករមួយចំនួន និងសូម្បីគ្រូបង្វឹក តែយ៉ាងណាមិញ យើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព” ។

ជាមួយគ្នានោះផងដែរ ខ្សែប្រយុទ្ធវ័យក្មេងរបស់យើង លី ម៉ាឯល ដែលទើបជាប់លើកដំបូងក្នុងព្រឹត្តិការណ៍ជម្រុះ AFC U-19 Championship ឆ្នាំនេះ ដោយរូបគេបង្ហាញអារម្មណ៍ថា៖ ” មិនមានអ្វីក្រៅពីពាក្យថាសប្បាយចិត្ត ដែលបានចូលរួមក្រុមជម្រើសជាតិ U-19 ហើយត្រូវប្រកួតក្នុងទឹកដីរបស់យើងទៀត ការលេងតំណាងឱ្យជាតិគឺជាអ្វីដែលខ្ញុំចង់ធ្វើខ្លាំងបំផុត។ ខ្ញុំមានមោទនភាពខ្លាំងបំផុត ពីព្រោះកីឡាករទាំងអស់ដែលបានមកធ្វើតេស្តជាមួយគ្នា គេធ្លាក់ ខ្ញុំជាប់ ហើយខ្ញុំប្តេជ្ញានឹងដណ្តើមកៅអី ១១នាក់ដំបូងឱ្យបានដើម្បីបញ្ចេញសមត្ថភាពរបស់ខ្ញុំឱ្យអស់ ” ។

គួរឱ្យដឹងថា កម្ពុជា ត្រូវជួប ម៉ាឡេស៊ី នៅថ្ងៃទី ២ ខែ វិច្ឆិកា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០នាទីល្ងាច ក្រោយមកជួប កោះម៉ារៀខាងជើង នៅថ្ងៃទី ៤ ខែ វិច្ឆិកា ជួប ថៃ នៅថ្ងៃទី ៨ ខែ វិច្ឆិកា និង ជួប ព្រុយណេ នៅថ្ងៃទី ១០ ខែ វិច្ឆិកា ។

សូមជូនពរដល់យុវជនទាំងពីររូបរបស់យើង សឿត ណាវ៉ា និង លី ម៉ាឯល ទទួលបានជោគជ័យក្នុងបេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT