ខ្សែប្រយុទ្ធវ័យក្មេង Rodrygo រកគ្រាប់បាល់ដំបូងឱ្យក្រុម Real Madrid បានហើយ ក្នុងការប្រកួតទល់ក្រុម Leganes ៥-០ កាលពីយប់មិញនេះ។
កីឡាករវ័យ១៨ឆ្នាំខាងលើនេះ ទើបចូលរួមជាមួយ Real Madrid កាលពីរដូវក្ដៅកន្លងទៅនេះទេ ហើយក៏មិនសូវបានលេងឈុតធំដែរ ដោយលោក Zidane គិតថារូបគេនៅក្មេងពេក ត្រូវដាក់នៅឈុត B សិន។ យ៉ាងណាមិញ ដោយសារតែរូបគេបានអភិវឌ្ឍខ្លួនលឿន ទើបបានជា Zidane យកគេមកលេងនៅក្រុមធំវិញ។
ឱកាសបានជាប់ជម្រើស១១នាក់ដំបូងកាលពីយប់មិញនេះហើយ ខ្សែប្រយុទ្ធវ័យក្មេងខាងលើប្រើពេល៧នាទី ដើម្បីស្វែងរកគ្រាប់បាល់ដំបូងរបស់គេ ក្រោយពីទទួលបានការបញ្ជូនពី Benzema ។ ក្រោយពីចប់ការប្រកួតនេះដែរ Rodrygo បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំសប្បាយចិត្ត គ្រប់យ៉ាងបានធ្វើទៅយ៉ាងលឿន។ វាលឿនជាងអ្វីដែលខ្ញុំរំពឹងទុក ប៉ុន្តែខ្ញុំសប្បាយចិត្ត។ ខ្ញុំមិនខ្វល់ថាលេងស្លាបខាងណាទេ ឱ្យតែគ្រូបង្វឹកដាក់ឱ្យលេង ខ្ញុំលេងបានទាំងអស់”៕ប្រភព៖ Marca