ក្រោយ CTS-Sport ចេញអត្ថបទពីការវិលត្រឡប់មកហ្វឹកហាត់វិញរបស់ វឌ្ឍនាកា និង ណូរុន អ្នកគាំទ្រព្រះខ័នរាជស្វាយរៀងក៏មានប្រតិកម្មត្រឡប់មកវិញ ដោយបោះពាក្យថា៖«ត្រឹមកូននាគបឹងកេត កុំចង់ខ្លាំងជាមួយស្វាយរៀង អោយដេកគឺដេក អោយឈរគឺឈរ»។
នេះជាការបង្ហាញជំនឿចិត្តរៀងខ្លួនចំពោះក្រុមជាទីស្រលាញ់របស់ពួកគេ។ ក្រោយមកក៏មានការរំលឹកពីការស៊ុត៣គ្រាប់តែឯងរបស់ CV11 ជួយបឹងកេតឈ្នះស្វាយរៀង ៣-១ ក្នុងរយៈពេលតែ៨នាទីចុងក្រោយ កាលពីឆ្នាំ២០១៦ផងដែរ។
មជ្ឍដ្ឋានអ្នកគាំទ្រពិតជាទន្ទឹង ចាំមើលក្រុមទាំង២ប្រកួតផ្តាច់ព្រ័ត្រ។ ព្រះខ័នរាជជាក្រុមឈ្នះពាននេះច្រើនជាងគេ និងកំពុងចង់បានពាន២ក្នុងមួយរដូវកាល ខណៈបឹងកេតពុំដែលឈ្នះពាននេះឡើយ។
ការប្រកួតនឹងធ្វើឡើងនាថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯក ស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Smart RSN។