អាហ្សង់ទីន បានឡើងទៅវគ្គបន្តហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមនីហ្សេរីយ៉ា ២-១ នាការប្រកួតម្សិលមិញនេះ។
ក្នុងការប្រកួតនេះ គេសង្កេតឃើញថា Lionel Messi បានដើរតួយ៉ាងសំខាន់ក្នុងនាមជាប្រធានក្រុម។ អ្វីដែលពិសេសទៀតនោះ គេសង្កេតឃើញថា កីឡាករទាំងអស់បានស្ដាប់សម្ដីរបស់ Messi ខ្លាំងណាស់។ លើសពីនេះទៅទៀត សូម្បីតែលោក Jorge Sampaoli ពេលចង់ដូរកីឡាករ ក៏ត្រូវទៅសួរនាំ Messi នៅក្នុងតារាងសិនដែរ។
ក្នុងវីដេអូមួយ បានបង្ហាញយ៉ាងច្បាស់ថាលោក Jorge Sampaoli បានទៅសួរយោបល់ពី Messi ដើម្បីផ្លាស់ប្ដូរ Aguero ឱ្យចូលលេង អំឡុងពេលក្រុមនីហ្សេរីយ៉ា រកគ្រាប់បាល់បានស្មើវិញនោះ។ យ៉ាងណាមិញ ក្រោយពីទៅសួរហើយ គ្រូបង្វឹករូបនេះក៏បានផ្លាស់ប្ដូរកីឡាករបានមែន។
ក្រោយពីចប់ការប្រកួត និងបានឡើងវគ្គ១៦ក្រុមចុងក្រោយហើយ លោក Sampaoli បាននិយាយថាខ្លួនសប្បាយចិត្តណាស់ នៅពេលដែលចប់ការប្រកួត ហើយ Messi បានមកអោប។ នេះជាសញ្ញាមួយដែលបញ្ជាក់ថា ខ្សែប្រយុទ្ធអាវលេខ១០នេះ ពិតជាយល់ពីអារម្មណ៍របស់លោកពិតមែន៕ប្រភព៖ DailyMail