Ronaldo៖ “នៅ​ទី​បញ្ចប់​ខ្ញុំ​នឹក​ដក​ខ្លួន​ពី​បាល់ទាត់ ហើយ​លែង​ខ្វល់​គ្រប់​យ៉ាង​ទាំង​អស់”

នៅ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន France Football កាល​ពី​ពេល​ថ្មីៗ​នេះ Cristiano Ronaldo ​បាន​បន្ត​និយាយ​ដល់​រឿងរ៉ាវ​រវាង​ខ្លួន​និង Lionel Messi ដោយ​សង្កត់​ធ្ងន់​ថា​ការ​ដែល​អាច​លេង​រួម​លីគ​ជាមួយ​គ្នា នោះ​គឺ​ជា​ការ​ប្រកួតប្រជែង​ដ៏​ល្អ​បំផុត​មួយ។

សព្វថ្ងៃ​អ្នក​ទាំង​ពីរ​មួយ​នៅ​អេស្ប៉ាញ មួយ​នៅ​អ៊ីតាលី មាន​ភាគរយ​អាច​ជួប​គ្នា​តែ​ក្នុង​ការ​ប្រកួត​នៅ​ពាន​រង្វាន់​អឺរ៉ុប​ប៉ុណ្ណោះ។ ថ្លែង​ប្រាប់​សារព័ត៌មាន​ខាង​លើ CR7 និយាយ​ថា៖ “មនុស្ស​ជា​ច្រើន​បាន​និយាយ​អំពី​ការ​ដែល​យើង​ទាំង​ពីរ​បាន​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​គឺ​ពេល​នៅ​អេស្ប៉ាញ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​ល្អ​ប្រសើរ​ឡើង”។

លោក​បន្ត៖ “វា​ជា​ការ​ពិត​ខ្ញុំ​ចាប់​អារម្មណ៍​វត្តមាន​របស់​គាត់​ពេល​លេង​នៅ Madrid ច្រើន​ជាង​ពេល​ខ្ញុំ​លេង​នៅ Manchester ​ដោយ​យើង​សុទ្ធ​សឹង​ជា​អត្តសញ្ញាណ​តំណាង​ឲ្យ​ក្លឹប​របស់​យើង​ផ្ទាល់ ដោយ​ខ្ញុំ​ក៏​រីករាយ​ប្រសិន​លឺ​គេ​និយាយ​ថា​ខ្ញុំ​ជា​កីឡាករ​ល្អ​និង​អស្ចារ្យ​បំផុត​មួយ​រូប”។

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​លឺ​គ្រប់​យ៉ាង​គេ​និយាយ​អំពី​ខ្ញុំ​នៅ​ពេល​បច្ចុប្បន្ន​នេះ (ទាំង​ល្អ​និង​អាក្រក់) ប៉ុន្តែ​គ្រប់​យ៉ាង​វា​ក៏​នឹង​ត្រូវ​ចប់​សព្វគ្រប់​ទាំង​អស់ នៅ​ទី​បញ្ចប់​នៃ​អាជីព​បាល់ទាត់ ហើយ​ខ្ញុំ​នឹង​លែង​ខ្វល់​អ្វី​ទាំង​អស់ ហើយ​ក៏​នឹង​ដក​ខ្លួន​ពី​គ្រប់​យ៉ាង​ផង​ដែរ”៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT