ព្រះខ័នរាជស្វាយរៀង ជាក្រុមដំបូងគេទទួលពានក្នុងដី ក្រៅពហុកីឡដ្ឋានជាតិ

ក្រោយពិភាក្សាគ្នាជាមួយក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត និងណាហ្គាវើលដ៍ ដែលជាគូប្រកួតបន្ទាប់របស់ ព្រះខ័នរាជ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC សម្រេចយកថ្ងៃទី២៧ តុលា ដើម្បីធ្វើការប្រគល់ពានរង្វាន់ Metfone Cambodian League 2019 និងបំពាក់មេដាយដល់ក្លិបព្រះខ័នរាជស្វាយរៀង នាកីឡដ្ឋានខេត្តស្វាយរៀង ដែលជាការប្រគល់ពាននៅកីឡដ្ឋានផ្សេងពីពហុកីឡដ្ឋានជាតិលើកដំបូងបង្អស់ ក្នុងប្រវត្តិពានរង្វាន់មួយនេះ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២២ តុលា បានពន្យល់ថា ដោយសារក្រោយបញ្ចប់សប្ដាហ៍ទី២៤កាលចុងសប្ដាហ៍កន្លងទៅ ព្រះខ័នរាជមាន៦២ពិន្ទុក្នុងដៃ ដាច់ពីក្រុមចំណាត់ថ្នាក់លេខ២ ពុំអាចបន្តដណ្ដើមយកកំពូលតារាងបាន ទោះនៅសល់ការប្រកួត២សប្ដាហ៍ទៀត ហើយក៏បានទទួលការយល់ព្រមពីអាស៊ីអឺរ៉ុប និងណាហ្គាវើលដ៍ ដែលជាគូប្រកួតនៅ២សប្ដាហ៍បន្ទាប់ផងនោះ ទើប CNCC សម្រេចបែបនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគល់ពាន និងបំពាក់មេដាយ នឹងធ្វើឡើងក្រោយការប្រកួតសប្ដាហ៍ទី២៥រវាង ព្រះខ័នរាជស្វាយរៀង និងអាស៊ីអឺរ៉ុបយូណាយធីតបានបញ្ចប់ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ជាមួយគ្នានេះដែរ វាជាលើកទី១ក្នុងប្រវត្តិសាស្ត្រលីគកំពូលកម្ពុជា ដែលបានរៀបចំពិធីប្រគល់ពាន មុនរដូវកាលប្រកួតបញ្ចប់ជាផ្លូវការ។

នេះជាលើកទី១សម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ ដែលបានគ្រងជើងឯក Metfone Cambodian League ជាថ្មី។ គិតចាប់ពីពានរង្វាន់លីគកំពូលកម្ពុជាបង្កើតឡើងមក ព្រះខ័នរាជ ធ្លាប់គ្រងជើងឯកតែមួយលើកគត់នៅឆ្នាំ២០១៣ និងធ្លាប់ជាប់ជាជើងឯករង កាលពីឆ្នាំ២០១០ និង២០១៧កន្លងទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT