លោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត អះអាងថា ក្លិបលោកនឹងមិនមានសម្ពាធអ្វីឡើយក្នុងជំនួបជាមួយក្រុមភ្ញៀវវិសាខា នៅថ្ងៃអាទិត្យ ទី២០ ខែតុលា ខាងមុខ តែផ្ទុយទៅវិញ គឺក្រុមរបស់គ្រូស្ដីទី Akeep Tunji ឯណោះទេដែលមានបន្ទុកខ្លាំងជាង ព្រោះត្រូវការឈ្នះដាច់ខាត។
ពាក់ព័ន្ធទៅនឹងសំណួរថាតើក្រុមតំណាងសាកលវិទ្យាល័យខាងលើអាចឆក់បានលទ្ធផលគាប់ចិត្តលើគូប្រជែងមួយនេះដូចកាលជើងទីមួយនៅកីឡដ្ឋានវិសាខាឬយ៉ាងណានោះ លោក សុក វាសនា សង្កត់ធ្ងន់ថា ទាល់តែចប់៩០នាទីទើបអាចបញ្ជាក់បាន។
បងប្រុសរបស់ខ្សែប្រយុទ្ធ សុក ច័ន្ទរស្មី ពន្យល់ ៖”យើងរំពឹងថាកូនក្រុមគាត់នឹងអាចធ្វើបានល្អ ហើយយើងប្រឹងឲ្យអស់ពីលទ្ធភាព។ ចប់៩០នាទីទើបដឹង។ លើការរៀបចំ នរណារៀបល្អនឹងមានឱកាស ព្រោះពួកខ្ញុំលេងដោយគ្មានសំម្ពាធ គេត្រូវការឈ្នះយើងដាច់ខាត”។
កាលជើងទីមួយនៅទឹកដីវិសាខា ក្រុមលោក សុក វាសនា បានយកឈ្នះ១ទល់នឹង៣ ដែលកាលណោះ Ajayi Opeyemi Korede រកបានពីរគ្រាប់ម្នាក់ឯង តែនៅជើងទីពីរ ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះបានផ្លាស់ទៅក្រុមគូប្រជែងខាងលើវិញ។
ឆ្លងកាត់ការប្រកួត២៣លើក វិសាខាមាន៥១ពិន្ទុពីក្រោមក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង៨ពិន្ទុ ខណៈការប្រកួត MCL បូកទាំងសប្ដាហ៍នេះគឺនៅសល់០៣ដងទៀត។ ចំណែកអាស៊ីអឺរ៉ុបយូណាយធីតឈរនៅលេខ៩ មាន៣១ពិន្ទុ៕