ក្រុមជម្រើសជាតិក្រូអាត ពិតជាធ្វើបានល្អមែនទែន ដោយរកបាន៩ពិន្ទុឯណោះ ក្នុងការប្រកួត៣ប្រកួតឈរកំពូលតារាងក្នុងពូល កន្លងមកនេះ។
លោក Zlatko Dalic គ្រូបង្វឹកជម្រើសជាតិក្រូអាតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ឆ្លងកាត់៣ប្រកួតមកនេះ។ ពួកគេពិតជាធ្វើបានល្អ និងបង្ហាញថាក្រូអាតមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រជែងជាមួយក្រុមដទៃទៀត។ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះបានបន្ដថា ក្រូអាតមិនទាន់បញ្ចប់មហិច្ឆតាត្រឹមនេះនោះទេ ពោលគឺអាចនឹងចូលជ្រៅជាងនេះទៅទៀត។
“គ្មាននរណាគិតថា យើងអាចរកបាន៩ពិន្ទុក្នុងពូលនេះទេ ប៉ុន្តែពេលនេះយើងធ្វើបានហើយ។ ការងារនៅវគ្គក្នុងពូលត្រូវបានបញ្ចប់ ដូច្នេះយើងត្រូវផ្ដោតទៅលើវគ្ក១៦ក្រុមប៉ះដាណឺម៉ាកម្ដង។ យើងបានបង្ហាញសមត្ថភាពល្អណាស់កន្លងមក ដូច្នេះខ្ញុំគិតថាយើងនឹងមិនបញ្ចប់ដំណើររបស់យើងត្រឹមវគ្គ១៦ក្រុមនេះនោះទេ”។ សម្ដីលោក Zlatko Dalic ។
យប់មិញនេះ ក្រូអាតបានយកឈ្នះលើក្រុមអ៊ីស្លង់ ២-១ យក៣ពិន្ទុ និងរក្សាកំណត់ត្រាឈ្នះទាំង៣ប្រកួតក្នុងពូល។ លើសពីនេះទៅទៀត ការឈ្នះនេះក៏បានធ្វើឱ្យអាហ្សង់ទីនមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយគ្នាផងដែរ៕ប្រភព៖ DailyMail