ជំនួប El Clasico រវាងក្រុម Barcelona និង Real Madrid បានលើកពេលទៅប្រកួតនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ខាងមុខវិញ ដោយសារតែតំបន់កាតាឡាន់កំពុងមានជម្លោះ។

ដំបូងឡើយការប្រកួតរវាងក្រុមទាំងពីរនេះនឹងធ្វើឡើងនៅថ្ងៃទី២៦ខែតុលានេះ តែដោយសារតំបន់កាតាឡាន់កំពុងផ្ទុះបាតុកម្មខ្លាំង ទើបខាង La Liga ចង់ប្ដូរទីលានប្រកួត។ ការស្នើប្ដូរទីលានប្រកួតនេះ ត្រូវក្លឹប Barcelona មិនព្រមតាមឡើយ ដោយសុខចិត្តលើកថ្ងៃប្រកួតវិញ។ ការលើកថ្ងៃប្រកួត មានការឯកភាពគ្នាទាំងសងខាង ទើបតម្រូវទៅធ្វើនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ឯណោះ។
សូមរំលឹកថា បាតុកម្មផ្ទុះឡើងខ្លាំងនៅតំបន់កាតាឡាន់ ជាពិសេសក្រុងបាសេឡូណា ក៏ព្រោះតែតុលាការកំពូលអេស្ប៉ាញចេញសាលក្រមដាក់ទោសសកម្មជនទាមទារឯករាជ្យផ្ដាច់ខ្លួនពីអេស្ប៉ាញឲ្យជាប់ពន្ធនាគាររហូតដល់១២ឆ្នាំកាលពីពេលថ្មីៗនេះ៕ប្រភព៖ Marca