• សុខ សុវណ្ណ ចង់បន្តនៅភ្នំពេញក្រោន តែរង់ចាំការសម្រេចពីថ្នាក់ដឹកនាំក្លិប

    ខ្សែការពារ សុខ សុវណ្ណ បង្ហើបថា មានបំណងចង់លេងឲ្យភ្នំពេញក្រោនតទៅមុខទៀត ព្រោះរីករាយនៅក្លិបអាជីពដំបូងមួយនេះ តែថា អ្វីគ្រប់យ៉ាង គឺស្ថិតនៅលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ 

    កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាកំពុងលេងឲ្យជើងឯក Metfone Cambodian League ៦សម័យភ្នំពេញក្រោនលើលក្ខខណ្ឌខ្ចីពីវិសាខានៅជុំទីពីររដូវកាល២០១៩។ គេថា មានក្ដីសុខនៅកីឡដ្ឋាន Smart RSN ហើយថ្នាក់ដឹកនាំក៏ផ្ដល់ទំនុកចិត្តខ្លាំងថែមទៀត។

    សុខ សុវណ្ណ បញ្ជាក់ ៖”អត់ទាន់ដឹងទេបង ចាំមើលសិន។ បើតាមចិត្តចង់នៅបន្តតែចាំមើលថ្នាក់ដឹកនាំសិន។ មានអារម្មណ៏ថានៅទីនេះសប្បាយចិត្ត។ ចំពោះលទ្ធផលដូចជាមិនអីទេ។ ថ្នាក់ដឹកនាំក៏ផ្ដល់ទំនុកចិត្តដល់ខ្ញុំ”។

    អតីតសមាជិកក្លិបបឹងកេតដដែលបន្ថែមថា បានជួយចែករំលែកបទពិសោធដល់សិស្សប្អូននៅភ្នំពេញក្រោនដែរ ពេលហ្វឹកហាត់ម្ដងៗ។

    គួររំឭកថា សុខ សុវណ្ណ ធ្លាប់លេងឲ្យភ្នំពេញក្រោនពីចន្លោះឆ្នាំ២០០៧ដល់២០១២ និងបានលើកពាន MCL ២០១០ និង២០១១ ព្រមទាំងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០០៨ និង២០០៩។ដើមរដូវកាល២០១៣ ខ្សែការពារមានកំណើតនៅភ្នំពេញ បានចូលរួមជាមួយបឹងកេត ជាទីរូបគេរួមចំណែកឈ្នះជើងឯកក្របខណ្ឌកំពូលនៅឆ្នាំ២០០១៦ និង២០១៧ មុនផ្លាស់ទៅវិសាខា នៅជើងទី២រដូវកាល២០១៨។

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT