ឡៅ ចិត្រា ​​ដាក់​គោល​ឈ្នះមេដាយធំបំផុតនៅកម្ពុជា

ជើង​ខ្លាំង​​​គុន​ខ្មែរ​វ័យ​ក្មេង​​ ឡៅ ​ចិត្រា ​​​​ដែល​កំពុង​កសាង​​ឈ្មោះ​ល្បីល្បាញ​​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ​​បាន​​ដាក់​គោល​​ដៅ​ខ្ពស់​បំផុត​​យក​មេដាយ​មាស​នៅ​ស៊ីហ្គេម​​​លើក​ទី​៣០​ចុង​ឆ្នាំ​ ២០១៩​​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ បន្ទាប់​ពី​ ឈ្នះ​មេដាយ​សំរឹទ្ធិ​ កាល​ស៊ីហ្គេម​ឆ្នាំ​ ២០១៧​ នៅ​ម៉ាឡេស៊ី។ ​ការ​តាំង​ចិត្ត​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ ​បន្ទាប់​ពី​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​​បន្តបន្ទាប់ ​ជា​ពិសេស​​ឈ្នះ​ លន បញ្ញា​ត្រឹម​ទឹក​ទី​២​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​​អធិរាជ​គុន​ខ្មែរ​ ISI ​របស់​ភីអិនអិន​​​នា​ពេល​ថ្មីៗ​នេះ។ ​

ឡៅ ចិត្រា ដែល​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE Championship ​ម្ដង​នោះ​បាន​​​​​អះអាង​ថា៖«​ខ្ញុំ​ចង់​បាន​មេដាយ​ ​ហើយ​ ជា​មេដាយ​ខ្ពស់​បំផុត​សម្រាប់​កម្ពុជា ​គឺ ​មេដាយ​មាស​​ក្នុង​កម្មវិធី​ ​ប្រកួត​ Kickboxing។ ​​ខ្ញុំ​យល់​ឃើញ​​កម្លាំង​ដៃ​របស់​ខ្ញុំ​ធ្ងន់​ជាង​មុន​ ខ្ញុំ​ត្រៀម​ខ្លួន​បាន​​ល្អ​ជាង​​ស៊ីហ្គេម​លើក​មុន​នៅ​​ម៉ាឡេស៊ី»។ ​ឡៅ ចិត្រា ឈ្នះ​ខ្សែ​ក្រវាត់​នៅ ភីអិនអិន ​តាម​រយៈ​ការ​ផ្ដួល​កីឡាករ​​ទាំង​​នីមួយ​ៗ​ ត្រឹម​ទឹក​ទី២​​ប៉ុណ្ណោះ​ បើ​គិត​ចាប់​តាំង​ពី​​ខែ​ ឧសភា ​​រហូត​ដល់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​នា​ពាក់​កណ្ដាល​ខែ​ តុលា ឆ្នាំ ២០១៩​ កន្លង​ទៅ​នេះ។

​ចិត្រា ​បាន​​តាំង​ចិត្ត​រួច​ហើយ​​ដោយ​ដាក់​​ទិស​ដៅ​ដើរ​​តាម​គន្លង​របស់​​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ ២០១៧​​ ឃីម ឌីម៉ា ​ឬ​ ឃុន ឌីម៉ា។ ​ឌីម៉ា ជា​បុរស​ម្នាក់​គត់​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​​​កីឡា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​​​ក្នុង​វិញ្ញាសា​ Kickboxing។​

​សិស្ស​គុន​​​នៃ​ក្លិប​ឆត្រ​យោង​៩១១ ​​បាន​គូស​បញ្ជាក់​ថា៖«​​ខ្ញុំ​​ត្រៀម​ខ្លួន​បាន​ល្អ​ ​ទាំង​ការ​ហូប​ចុក​ តម​អាហារ​ និង​ ការ​ហ្វឹកហាត់​។ ​ក្នុង​នោះ​ ខ្ញុំ​តម​គ្រឿង​កំប៉ុង​ដែរ​​​ចៀសវាង​ការពិនិត្យ​ទៅ​ឃើញ​សារធាតុ​ប៉ូវ​កម្លាំង។ ​​​ម្ហូប​អាហារ​​ខាង​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​…គេ​ធ្វើ​​ឲ្យ​ហូប​គ្រប់គ្រាន់»។ ​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT