ក្រោយត្រលប់មកដឹកនាំនៅ Inter Milan លោក Antonio Conte ហាក់កំពុងជួយឲ្យក្លឹបមួយនេះទទួលបានភាពល្អប្រសើរច្រើននារដូវកាល ២០១៩/២០ ដោយសព្វថ្ងៃឈរនៅលេខ ២ តាមប្រកិត Juventus នៅកំពូលតារាង។
យ៉ាងណាមិញលោក Conte ដែលជាអ្នកចាត់ការធ្លាប់ដឹកនាំនៅ Chelsea ក៏មិនភ្លេចសិស្សចាស់របស់ខ្លួនដែរ ហើយចង់បង្វែរនាំយក Olivier Giroud មកចូលរួមនៅ Inter Milan ជាមួយលោក ស្របពេលដែលកុងត្រារបស់កីឡាករបារាំងក៏ត្រូវផុតនៅរដូវក្តៅឆ្នាំក្រោយ ២០២០។
កីឡាករវ័យ ៣៣ ឆ្នាំ ទើបបានបង្ហាញខ្លួនក្នុងលីគឲ្យ Chelsea មួយប្រកួតគត់នារដូវកាលថ្មីនេះ ជាសញ្ញាបង្ហាញយ៉ាងច្បាស់ថាឈានដល់ការចែកផ្លូវនៅទីផ្សារដោះដូរខែមករា។
តាមសារព័ត៌មាន Tuttosport ក៏បញ្ជាក់ដែរថាដោយសារ Inter មើលឃើញពីបញ្ហារបួសរយៈពេលយូររបស់ Sanchez ដែលធ្វើឲ្យក្លឹបប្រឈមនឹងចុះថយនៅតំបន់ប្រយុទ្ធ បែបនេះជម្រើសនាំយក Giroud អាចថាជាការគិតដ៏ល្អមួយ៕ ប្រភព៖ Sportsmole