អធិរាជ MMA របស់មីយ៉ាន់ម៉ា Aung La N Sang ផ្ដោត​លើ​ប្រកួត​ទម្ងន់​ Middleweight?

​បន្ទាប់​ពី​វ៉ៃ​កីឡាករ​ហ្វីលីពីន​ Brandon Vera ​​ឲ្យ​ចុះ​ចាញ់​ទឹក​ទី២​ នៅ​សង្វៀន​ ONE: CENTURY ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​​​​ ONE World Champion ពីរ​​ស្ថាប័ន​របស់​មីយ៉ាន់ម៉ា​​ Aung La N Sang  ឬ ហៅ​ថា «The Burmese Python» ​កំពុង​ផ្ដោត​​​លើ​ការ​ប្រកួត​ប្រជែង​​ក្នុង​ប្រភេទ​ទម្ងន់​បន្ទាប់​ទៀត ​Middleweight។ Aung La N Sang ​ទើប​តែ​ការពារ​ខ្សែ​ក្រវាត់ ​ONE Light Heavyweight World Champion ​បាន​​​​​ដោយ​ជោគជ័យ​កាល​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។ ​វា​ជា​ការ​ប្រកួត​​ប្រជែង​ដ៏​​ធំ​​​សម្បើម​​សម្រាប់​កូន​​សិស្ស​គុន​ចម្រុះ​មក​ពី​ក្លិប​ Hard Knocks 365 ​ដែល​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ទូទាំង​ពិភព​លោក​​​ពេល​​ឈ្នះ​ Vera ​ដែល​​មាន​មាឌ​ធំ​ជាង​ខ្លួន​​ ប៉ុន្តែ​ «The Burmese Python» អាច​ធ្វើ​ឲ្យ​ ​កីឡាករ​ហ្វីលីពីន​ចុះ​ចាញ់​​ដោយ​​​ផ្ដួល​​ទៅ​ក្តារ​រេញ​ និង​ ​ប្រើ​កណ្ដាប់​ដៃ​ឆ្វេង​រហូត​ដល់ ១០ ដៃ​ មុន​អាជ្ញា​កណ្ដាល​បញ្ឈប់។

«វា​ពិត​ជា​ខុស​គ្នា​មែន​លើ​មាឌ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា​ ​ខ្ញុំ​បាន​ហ្វឹកហាត់​ក្នុង​ទម្ងន់​ heavyweights ដែល​អាច​ធ្វើ​​មើល​ឃើញ​ Brandon ​​តូច។ គេ​​ខ្ពស់​​​រហូត​ដល់​ ១,៩១ ​សង់ទីម៉ែត្រ។​ ពេល​ខ្ញុំ​ឡាំ​គ្នា​ជា​មួយ​គីឡូ​ធ្ងន់​​ជាង​ ខ្ញុំ​ធ្វើ​បាន​ល្អ។ ​​ខ្ញុំ​រៀប​ចំ​បាន​ល្អ​»។ «The Burmese Python» ​ថ្លែង​បែប​នេះ។​

Aung La N Sang ​បាន​​រក្សា​​ក្បាច់​គួប​ផ្សំ​គ្នា​ទាំង​​ដៃ​ជើង​បាន​​ល្អ​, ​មិន​បង្កើត​​ឱកាស​ដល់​គូ​ប្រកួត, ​និង​ វ៉ៃ​ចេញ​ខ្លីៗ​បាន​ល្អ​ណាស់។​ ​​​រឿង​រ៉ាវ​ទាំង​នេះ​ត្រូវ​បាន​​ជើង​ខ្លាំង​មក​ពី ​មីយ៉ាន់ម៉ា​ ​បញ្ជាក់​ថា ៖« វា​ជា​ផ្នែក​នៃ​​ផែន​​ការ​រៀប​ចំ ​​​​​ដាក់​សម្ពាធ​លើ​ Vera ​ទប់​រង​កណ្ដាប់​ដៃ​របស់​គេ និង​ ​ដាក់​សម្ពាធ​​ហើយ​សង​លឿនៗ​ កុំ​ឲ្យ​គេ​ដក​ឃ្លា»។

ជើង​ខ្លាំង​គុន​ចម្រុះ​​​បន្ត​ថា​ ៖«​យើង​បាន​ហ្វឹកហាត់​ ​ឡាំ​គ្នា​ និង ​ត្រៀម​រួច​ស្រេច​សម្រាប់​ការ​ប្រកួត​ទល់​នឹង Vera ​ដើម្បី​​ឲ្យ​ច្បាស់​ចំពោះ​តិកនិក​របស់​យើង។ យើង​រៀប​​ចំ​ ៦ ខែ សម្រាប់​ព្រឹត្តិការណ៍​នេះ។ ​វា​លំបាក​ណាស់​ ​ប៉ុន្តែ​យើង​​បាន​ធ្វើ​វា​​ឲ្យ​កើត​ឡើង​យ៉ាង​​ជោគជ័យ»។ កីឡាករ​វ័យ​ ៣៤ ឆ្នាំ​​ ​​រៀបរាប់​ថា​​៖«​ខ្ញុំ​​មាន​ការ​គោរព​ដល់​ Vera ​ច្រើន។ នេះ​ជា​ការ​ប្រកួត​គុន​ចម្រុះ។ ប៉ុន្តែ​យើង​​ត្រូវ​ផ្ដោត​លើ​​​ការ​ប្រកួត​គ្រប់​ពេល។ យើង​ជា​គូ​ប្រជែង ​ប៉ុន្តែ ចុង​​បញ្ចប់​គឺ​យើង​ធ្វើ​វា​ដើម្បី​តែ​ការ​រស់​នៅ​ប៉ុណ្ណោះ។ ខ្ញុំ​ធ្វើ​វា​ដើម្បី​គ្រួសារ​របស់​ខ្ញុំ ហើយ​រូប​គេ​ធ្វើ​ដើម្បី​គ្រួសារ​របស់​គេ។ ​ដូច្នេះ​យើង​ជា​មិត្តភ័ក្ដិ​ នឹង​គ្នា​បន្ទាប់​ពី​ការ​ប្រកួត។ ប៉ុន្តែ​ពេល​យើង​​នៅ​​លើ​សង្វៀន​ យើង​ជា​គូ​ប្រកួត»។

ជា​​ចុង​ក្រោយ​មុន​​​ចាក​ចេញ​ពី​សង្វៀន​ ​ល្បី​ល្បាញ​ Ryogoku Kokugikan, Aung La N Sang ​​បាន​ផ្ញើ​សារ​​ដល់​អ្នក​គាំទ្រ​​នៅ​មីយ៉ាន់ម៉ា​ថា​ ៖«​អរគុណ​ច្រើន​មែន​ទែន ​ពេល​ណា​ខ្ញុំ​ចេញ​ក្រៅ​ ​ខ្ញុំ​តែង​តែ​ឮ​ពី​អ្នក​គាំទ្រ​នៅ​មីយ៉ាន់ម៉ា​ គាំទ្រ​ខ្ញុំ ​​ហើយ​វា​បាន​​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​កម្លាំង​ចិត្ត​​មហាសាល។ ខ្ញុំ​​ចង់​រក្សា​​​កម្លាំង​ចិត្ត​នេះ​ សម្រាប់​អ្នក​​ជំនាន់​ក្រោយ​​របស់​​កីឡាករ​មីយ៉ាន់ម៉ា​ និង ​ប្រជា​ជន​មីយ៉ាន់ម៉ា ដើម្បី​ក្លាយ​ជា​មនុស្ស​ល្អ។​ អរគុណ​​ខ្លាំង​ដល់​អ្នក​រាល់​គ្នា»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT