មិន​ធម្មតា Ronaldo ​រក​បាន​៧០០​គ្រាប់​ក្នុង​អាជីព​ហើយ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​គ្រាប់​បាល់​សរុប​៧០០​គ្រាប់​ហើយ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន ​ក្រោយ​ពី​រក​បាន​១​គ្រាប់​ក្នុង​ជំនួប​ទល់​ក្រុម​អ៊ុយក្រែន​នៅ​យប់មិញ។

ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល Euro 2020 ​កាល​ពី​យប់មិញ​នេះ ​ក្រុម​ព័រទុយហ្គាល់​បាន​ចាញ់​ក្រុម​អ៊ុយក្រែន ​២-១ ​។ ក្នុង​ការ​ប្រកួត​នោះ ​អ៊ុយក្រែន​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ដោយ​នាំ​មុខ​ក្រុម​ព័រទុយហ្គាល់​មុន​ដល់​ទៅ​២​គ្រាប់ ​មុន​ពេល Ronaldo ​សង​បាន​១​គ្រាប់​វិញ​នៅ​នាទី​៧២។ ​ត្រឹម​នាទី​៧២​នេះ​ដែរ ​ក្រុម​អ៊ុយក្រែន​សល់​កីឡាករ​ទាំង​១០​នាក់​ទេ ​ព្រោះ​មាន​ខ្សែ​បម្រើ​ម្នាក់​បាន​កាត​ក្រហម។

ត្រឹមតែ​សល់​ត្រឹម​១០​នាក់​មែន តែ​អ៊ុយក្រែន​នៅ​តែ​អាច​បិទ​ក្រុម​ព័រទុយហ្គាល់​មិន​ឱ្យ​ធ្វើ​អ្វី​កើត​ឡើយ រហូត​ដល់​ចប់​ការ​ប្រកួត​ពួកគេ​ឈ្នះ២-១។ លទ្ធផល​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​អ៊ុយក្រែន ​កក់​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​ក្រោយ​បាន​ផង​ដែរ។

និយាយ​ពី​១​គ្រាប់​របស់ Ronaldo ​យប់មិញ​នេះ ​គឺ​ជា​គ្រាប់​បាល់​ទី​៧០០​របស់​គេ​ហើយ​គិត​ទាំង​ជម្រើស​ជាតិ​និង​ក្លឹប​អាជីព។ វា​ជា​ចំនួន​គ្រាប់​បាល់​ដែល​ច្រើន​ខ្លាំង​មួយ ដែល​កីឡាករ​ជំនាន់​ក្រោយ​អាច​នឹង​ពិបាក​តាម​ទាន់​ខ្លាំង​ណាស់៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT