ក្រោយមើលឃើញពីភាពប៉ិនប្រសព្វរបស់កីឡាករវ័យ ១៦ ឆ្នាំ Ansu Fati ក្លឹបយក្ស FC Barcelona ក៏បានបើកការជជែកជាមួយសាមីខ្លួនលើការចុះហត្ថលេខាកុងត្រាថ្មីហើយ។
តាមសារព័ត៌មាន Mundo Deportivo ក្នុងកុងត្រានោះគឺអ្នកមានបុណ្យបានចងជើង Fati មិនឲ្យចាកចេញទៅណារួចឡើយ ព្រោះបានបន្ថែមតម្លៃផ្តាច់កុងត្រារបស់គេដល់ទៅ ១០០ លានអឺរ៉ូឯណោះ។
ការបង្ហាញខ្លួននារដូវកាល ២០១៩/២០ ខ្សែប្រយុទ្ធរូបនេះរកបាន ២ គ្រាប់និង Assist ១ លើកសម្រាប់ការលេចមុខ ៥ ប្រកួតធ្លាប់ទទួលកំណត់ត្រាជាកីឡាករវ័យក្មេងបំផុតរបស់ Barca ដែលស៊ុតគ្រាប់បាល់នៅ LaLiga ទៀតផង។
Fati សព្វថ្ងៃក៏ទទួលបានសញ្ជាតិអេស្ប៉ាញផងដែរ ហើយកាលពីប្រកួតឲ្យ Barcelona ទល់ Valencia កន្លងទៅ ទើបតែជួយឲ្យក្រុមយកឈ្នះនៅលទ្ធផល ៥-២។ មុននេះបន្តិចក្រុមអេស្ប៉ាញអាយក្រោម ២១ ឆ្នាំក៏បានកោះហៅឲ្យ Fati ទៅចូលរួមការប្រកួត ប៉ុន្តែលទ្ធផលសម្រេចយល់ព្រមឬអត់មិនទាន់មានការបកស្រាយនៅឡើយ៕ ប្រភព៖ Football-Espana