សហព័ន្ធកីឡាបាល់ទាត់ថៃ បានធ្វើការសាទរចំពោះការគាំទ្រឲ្យប្រទេសដែលជាសមាជិក FIFA ចូលរួមក្នុងការដេញថ្លៃធ្វើសហម្ចាស់ផ្ទះនៃពានរង្វាន់ FIFA World Cup ដែលធ្វើឡើងរាល់ ៤ឆ្នាំម្តង ស្របពេលដែលពួកគេរំពឹងទុកថា ប្រទេសក្នុងតំបន់អាស៊ាន មានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើរឿងនេះ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ FA Thailand បានបញ្ចេញនូវសៀវភៅគម្រោេងមេ រយៈពេល ២០ឆ្នាំ សម្រាប់អនុវត្តន៍លើការរៀបចំកែទម្រង់ តំរង់ទិស និងអភិវឌ្ឍនបាល់ទាត់ ពួកគេបានដាក់គោលដៅ នឹងក្លាយជាបេក្ខភាពប្រជែងទៅកាន់វគ្គជម្រុះចុងក្រោយនៃពានរង្វាន់ FIFA World Cup ឲ្យបាន។
តួរយ៉ាង ក្នុងការប្រកួតជម្រុះនៃពានបាល់ទាត់ពិភពលោកឆ្នាំនេះ ថៃ បានធ្លាក់នៅវគ្គជម្រុះជុំចុងក្រោយក្នុងតំបន់អាស៊ី មិនមានសិទ្ធិទៅកាន់វគ្គ ៣២ក្រុមចុងក្រោយឡើយ។
កៅអីត្រឹមតែ ៤.៥ ( បួនកន្លះ ) គឺពិតជាចង្អៀតសម្រាប់ក្រុមបាល់ទាត់ក្នុងទ្វីបអាស៊ី ប៉ុន្តែតាមការសម្រេចជាផ្លូវការ ហើយគេតំឡើងពី៣២ ដល់៤៨ ចាប់ពីឆ្នាំ ២០២៦តទៅ កៅអីសម្រាប់ប្រទេសក្នុងទ្វីបអាស៊ី នឹងកើនដល់ ៨កៅអី ។
ទិសដៅដ៏ល្អនេះ បានជំរុញឲ្យ ថៃ វៀតណាម និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដាក់ចេញនូវផែនការមេ ( Master Plan ) តំរង់ទិសដើម្បីដណ្តើមឲ្យបានកៅអីមួយក្នុងចំណោមកៅអីទាំងនោះ។
នៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឹបានចាប់ផ្តើមពង្រីកទីលានបាល់ទាត់របស់ខ្លួនឲ្យស្របតាមស្តង់ដាររបស់ AFC ដើម្បីត្រៀមប្រកួត SEA Games និង Asian Games។ ដូចនៅវៀតណាម និងសិង្ហបុរីដែរ ដែលបានសាងសង់កីឡដ្ឋានជាតិថ្មី ដែលមាន ៥៥,០០០កៅអី ក្នុងឆ្នាំ ២០១៤ ។
សូមរំលឹកឡើងវិញថា ការចាប់ឆ្នោតជ្រើសរើសប្រទេសដែលធ្វើម្ចាស់ផ្ទះពានរង្វាន់ FIFA World Cup 2026 ទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ ដោយ អាមេរិច ម៉ិចស៊ីកូ និង កាណាដា ត្រូវបានបោះឆ្នោតឲ្យធ្វើជាសហម្ចាស់ផ្ទះ ៕