សើរើសម្តីចាស់របស់ Ronaldo Nazario អតីតវីរបុរសនៅក្លឹប Real Madrid និង Barcelona បានថ្លែងកាលពីខែមិថុនាកន្លងទៅ អំឡុងថ្ងៃខួបកំណើតឈានចូលវ័យ ៣២ ឆ្នាំរបស់ Lionel Messi។
Ronaldo ប្រេស៊ីលបាននិយាយថា៖ “អ្វីដែលខ្ញុំអាចនិយាយទៅកាន់ Messi គឺចង់ឲ្យគាត់អាចលេងបាល់ទាត់អស់មួយជីវិតទៅ ព្រោះខ្ញុំជឿថា Leo គឺជាកីឡាករដែលពិភពលោកពេញចិត្តនឹងទស្សនា”។
លោកបន្ត៖ “មនុស្សជាច្រើនចូលចិត្តប្រៀបធៀបសមិទ្ធផលដែល Messi សម្រេចបាននៅ Barcelona និងនៅអាហ្សង់ទីន ខ្ញុំគិតថាវាជាការប្រៀបធៀបមិនយុត្តិធម៌នោះទេ ព្រោះនៅ Barca គឺគាត់ហ្វឹកហាត់ជាមួយមិត្តរួមក្រុមជារៀងរាល់ថ្ងៃ ហើយក៏មានឱកាសអាចអភិវឌ្ឍច្រើនជាង បែបណាមិញខ្ញុំនៅតែជឿជាក់ថា Messi គាត់ចង់ឈ្នះអ្វីដ៏អស្ចារ្យមួយជាមួយនឹងជម្រើសទៅថ្ងៃខាងមុខផងដែរ”។
បញ្ជាក់ថា Ronaldo Nazario ធ្លាប់ចូលរួមលេងឲ្យក្លឹប FC Barcelona នៅអំឡុងរដូវកាល ១៩៩៦-៩៧ មុនមកចូលរួមនៅ Real Madrid នាឆ្នាំ ២០០២ ដោយឆ្លងកាត់ក្លឹប Inter Milan អស់ ៥ ឆ្នាំ៕ ប្រភព៖ Sport-English