លោក Unai Emery ត្រូវបានក្លឹប Arsenal ដាក់កំហិតថាត្រូវធ្វើយ៉ាងណារដូវកាលនេះ ចូលក្នុងតំបន់ Top4 ឱ្យបាន ទើបអាចរក្សាកៅអីបានទៀត។
កាលពីរដូវកាលដោះដូរកន្លងទៅនេះ ក្រុមកាំភ្លើងធំបានចំណាយអស់១៥២លានផោនហើយក្នុងការទិញកីឡាករថ្មីចូល។ ស្របពេលបច្ចុប្បន្ននេះពួកគេបានឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងឆ្លងកាត់៨ប្រកួតកន្លងមក។ ជាមួយការធ្វើបានល្អនេះដែរ ប្រធានក្លឹប Arsenal ក៏បានបញ្ជាក់ប្រាប់ទៅលោក Emery ដែលជាអ្នកចាត់ការក្រុមដែរថាត្រូវធ្វើយ៉ាងណាឱ្យចូលនិងឈរជើងនៅ Top4 ឱ្យបាន។
លោក Raul Sanllehi ដែលជាប្រធានក្លឹបកាំភ្លើងធំបានប្រាប់ទៅអ្នកគាំទ្រថារដូវកាលមុនក្រុម Arsenal បាត់ឱកាសលេង UEFA Champions League ដែលធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ។ ដោយឡែករដូវកាលនេះវិញ ក្រុមបានចំណាយច្រើន និងមានសមាជិកយ៉ាងរឹងមាំ ដូច្នេះត្រូវមានក្ដីរំពឹងខ្ពស់ថានឹងជាប់ក្នុងតំបន់ Top4 ឡើងវិញ៕ប្រភព៖ Dailymail