លោក Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថាការបរាជ័យក្រោមថ្វីជើងក្រុមអ៊ីរ៉ង់ ១៤-០ នៅវគ្គជម្រុះ FIFA World Cup 2022 យប់មិញ គឺកម្ពុជារៀនសូត្របានច្រើន។
ការប្រកួតនៅយប់មិញនេះ ក្រុមកម្ពុជាផ្អៀងខ្លាំង ព្រោះអ៊ីរ៉ង់ជាក្រុមខ្លាំងកម្រិតលេខ១នៅតំបន់អាស៊ី។ ខណៈដែលការបរាជ័យច្រើនគ្រាប់ ក៏មិនមែនជារឿងដែលធ្វើឱ្យអ្នកគាំទ្រខកបំណងខ្លាំងដែរ ផ្ទុយទៅវិញមានតែលើកទឹកចិត្តដល់កីឡាករច្រើនលើសដើម។ ជាក់ស្ដែងអ្នកចាត់ការ Honda ក៏និយាយដែរថានេះជាទម្រង់លេងដែលលោកចង់ឃើញ ទោះចាញ់ច្រើនគ្រាប់ក៏ដោយ។
លោក Honda បញ្ជាក់ថាមានវិធីអាចទប់បានតិចគ្រាប់ ប៉ុន្តែលោកចង់ឃើញទម្រង់លេងប្រយុទ្ធរបស់កម្ពុជា ជាជាងលេងការពារ។ ទោះជាចាញ់ច្រើនគ្រាប់មែន ប៉ុន្តែកម្ពុជាទទួលបានបទពិសោធថ្មី សម្រាប់ទៅថ្ងៃមុខ អភិវឌ្ឍបាល់ទាត់បន្ដទៀត។ រំលឹកថាកម្ពុជា មិនទាន់អស់ភារកិច្ចទេ ដោយនឹងត្រូវប៉ះក្រុមអ៊ីរ៉ាក់១ទៀតនៅថ្ងៃទី១៥ខែតុលាឆ្នាំ ២០១៩ខាងមុខ៕