ក្លិបបាល់ទាត់បឹងកេត ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល ដែលក្នុងនោះពីរឆ្នាំចុងក្រោយនេះ លើកពានជាប់ៗគ្នា បានកំពុងនឹងកាន់កំណត់ត្រាដ៏អស្ចារ្យមួយ ពោលគឺឆ្លងកាត់ការប្រកួត ២១ប្រកួត មិនទាន់ស្គាល់បរាជ័យ គិតចាប់តាំងពីសប្តាហ៍ទី ១៣ នៃរដូវកាល ២០១៧ ដែលមិនទាន់មានក្រុមណាអាចយកឈ្នះពួកគេបានឡើយ។
ថ្លែងនៅក្នុងបទសម្ភាសន៍ក្រោយឈ្នះណាហ្គាវើល ៣-២ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក ហៅ សុជាតិ ដែលជាគ្រូបង្វឹកបានបង្ហាញចំណាប់អារម្មណ៍ចំពោះកំណត់ត្រានេះថា៖ « កត្តាដែលធ្វើឲ្យយើងទទួលបានជោគជ័យបែបនេះ គឺព្រោះតែយើងមានកីឡាករប្រយុទ្ធដែលមានគុណភាព ដូចនេះនៅពេលមានបាល់ Attack នៅតំបន់ប្រយុទ្ធ គឺជាគ្រោះថ្នាក់សម្រាប់ក្រុមផ្សេងៗ » ។
សូមបញ្ជាក់ថា ក្នុងលទ្ធផលមិនបរាជ័យ ២១ប្រកួតរបស់បឹងកេត គឺ ឈ្នះ ១៧ប្រកួត និង ស្មើ ៤ប្រកួត ក្នុងនោះ ពួកគេបានបញ្ចប់ជើងទីមួយនៃរដូវកាលថ្មីនេះដោយមិនចាញ់សោះ ១១ប្រកួត ។
បច្ចុប្បន្ន ក្លិប បានសម្រេចនាំយកខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មកចូលរួមក្រុមវិញសម្រាប់ការប្រកួតក្នុងជើងទីពីរ ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ស្របពេលដែលបានចែកផ្លូវគ្នាជាមួយនឹងអ្នកចាំទីដៃទីមួយ ស៊ូ យ៉ាទី ដែលចាកចេញទៅក្រុមគូប្រជែង ណាហ្គាវើល ៕