អាល្លឺម៉ង់ ​នាំ​មុខ​អាហ្សង់ទីន​២​គ្រាប់ តែ​ចុង​ក្រោយ​មិន​គាប់​ប្រសើរ​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​បាន​នាំ​មុខ​ក្រុម​អាហ្សង់ទីន ២​គ្រាប់​ទៅ​ហើយ​នៅ​តង់​ទី​១ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​ភ្លាត់​ឱ្យ​ធ្លាយ​២​គ្រាប់​វិញ​ទៅ​វិញ ​ក្នុង​ប្រកួត​មិត្តភាព​យប់មិញ។

Gnabry ​ជា​អ្នក​នាំ​មុខ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ ​ដោយ​រក​បាន​គ្រាប់​បាល់​តាំង​ពី​នាទី​១៥​ដើម​តង់។ រហូត​មក​ដល់​នាទី​២២ Havertz ​ក៏​បាន​បន្ថែម​គ្រាប់​បាល់​ទី​២​ទៀត ដែល​ធ្វើ​ឱ្យ​ត្រឹម​១​តង់​ទី​១ ​ក្រុម​អាល្លឺម៉ង់​នាំ​មុខ​២​គ្រាប់​ទៅ​ហើយ។ តែ​ចូល​ដល់​តង់​ទី​២​វិញ ​អ្វី​គ្រប់​យ៉ាង​មិន​ដូច​ការ​គិត​ឡើយ ​ក្រុម​អាល្លឺម៉ង់​មិន​អាច​ធ្វើ​អ្វី​អាហ្សង់ទីន​បាន ​ហើយ​ផ្ទុយ​ទៅ​វិញ ​ត្រូវ​របូត​គ្រាប់​បាល់​២​គ្រាប់​ថែម​ទៀត ដោយ Alario ​នៅ​នាទី​៦៦ ​និង Ocampos ​នៅ​នាទី​៨៥។

ចប់​ការ​ប្រកួត​ក្រុម​ខ្លាំង​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា ២-២ ​ប៉ុណ្ណោះ​ក្នុង​ការ​​ប្រកួត​មិត្តភាព​មួយ​នេះ។ អាល្លឺម៉ង់​ប្រកួត​បន្ទាប់​នឹង​ប៉ះ​ក្រុម​អីស្តូនី ​នៅ​ថ្ងៃ​ទី​១៤ វគ្គ​ជម្រុះ Euro 2020 ​ស្រប​ពេល​អាហ្សង់ទីន​វិញ ​ប៉ះ​ក្រុម​អេក្វាឌ័រ​នៅ​ថ្ងៃ​ទី​១៣​ក្នុង​ប្រកួត​មិត្តភាព៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT