គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​៣ដាន់​​​ប្រាប់​អំពី​ចំណុច​សំខាន់​របស់ ​ខុន ​ស៊ីចាន់ ​​​ពេល​ហ្វឹកហាត់​ត្រៀម​​នៅ ONE: MASTERS OF FATE 

អ្នក​លេង​គុន​ចម្រុះ​ ខុន ស៊ីចាន់​ដែល​ប្រកួត​តំណាង​ឲ្យ​ក្លិបប​ Phnom Penh MMA ​ប្ដូរ​មក​ហ្វឹកហាត់​​ជា​មួយ​លោក​ Fernando Salvador ​​​គ្រូ​​​បង្វឹក​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​៣ ​ដាន់​​ជីជិតស៊ូ​ក្នុង​ដំណើរ​ត្រៀម​ការ​ប្រកួត​នៅ​សង្វៀន ​ONE: MASTERS OF FATE  ​នៅ​ក្រុង​ម៉ានីល​​​ប្រទេស​ហ្វីលីពីន​​​នា​ថ្ងៃ​ ៨ ខែ ​វិច្ឆិកា ខាង​មុខ។​ ​​ខុន ស៊ីចាន់ ​ប្រឈម​នឹង​​កីឡាករ​​ឥណ្ឌា  Roshan Mainam ​​ដែល​កំពុង​ហ្វឹកហាត់​នៅ ​ក្លិប Evolve MMA ​ប្រទេស​សិង្ហបុរី។​ ​

គ្រូ​បង្វឹក​ដែល​មាន​បទពិសោធន៍​​ផ្នែក​ក្បាច់គុន​ជាង​ ៣០​ ឆ្នាំ​មក​នេះ​បាន​គូស​បញ្ជាក់​​បែប​បច្ចេកទេស​ថា ​៖«​​យើង​មិន​ចាំ​បាច់​ហ្វឹកហាត់​រហូត​ដល់​​​ហត់​ខ្លាំង​ ២ ​ឬ ​៣​ ម៉ោង​ទេ​ ​ព្រោះ​យើង​ប្រកួត​ត្រឹម​ ​១៥ នាទី។ ​យើង​ហាត់​១​ម៉ោង​​ជា​រៀង​រាល់​ថ្ងៃ​ ​តែ​​មាន​ល្បិច​​និង​តិកនិក​ច្រើន​ ហើយ​ ស៊ីចាន់ ក៏​ហាត់​គុន​ខ្មែរ​​ដែរ។ ​ប៉ុន្តែ​​​ពេល​ប្រកួត​ជាក់​ស្ដែង​​​ត្រឹម​​ត្រឹម​ ​១៥​ នាទី។ ​យើង​ក៏​បង្ហាត់​ ១៥ នាទី​មិន​ឈប់​ឈរ​​… ​មាន​វិធី​មិន​ឲ្យ​​ ស៊ីចាន់ ​អស់​កម្លាំង​ស៊ុហ្វ​ និង​ អាច​រក​ល្បិច​ផ្ដួល​គូ​ប្រកួត​បាន​​​ដោយ​ភាព​ឆ្លាត​វៃ​​និង​រក្សា​កម្លាំង​វាយ​បក»។

​​គ្រូ​បង្វឹក​វ័យ​ ​​៤៩ ​ឆ្នាំ​​​សញ្ជាតិ​អាមេរិក​​​បង្ហាត់​ជំនួស​ ​​លោក​​ Alan Mccune ​ដែល​មាន​​បញ្ហា​សុខភាព​មិន​ទាន់​វិល​មក​រក​​សភាព​ដើម​វិញ​ ប៉ុន្តែ Alan អាច​​​ធ្វើ​ការ​ស្រាល​ៗ​បាន​ធម្មតា​នៅ​ក្រុម​ហ៊ុន​របស់​លោក។ ​​គ្រូ​បង្វឹក​​ជំនាញ​ជីជិត​ស៊ូ​ ​បាន​កត់​សម្គាល់​ថា​ ​ស៊ីចាន់ ​ធ្វើ​បាន​ល្អ​​ចំពោះ​​​​លំហាត់​ ឬ ការ​ហ្វឹកហាត់​ដែល​​​បាន​ដាក់​ឲ្យ​ជា​ពិសេស​​ជំហរ​ប្រកួត​ដេក​​នៅ​ក្ដារ​រេញ។​ ​គ្រូ​បង្វឹក​​ដែល​​​បង្ហាត់​​ចំបាប់​, ជីជិតស៊ូ ​និង គុន​ចម្រុះ​ តាំង​ពី​ឆ្នាំ​១៩៨៩​ ​​បាន​រំលឹក​ថា​ ​កីឡាករ​កម្ពុជា​ភាគ​ច្រើន​ចាញ់​​គូ​បដិបក្ខ​​ក្នុង​ការ​ប្រកួត​​ជំហរ​ដេក​ ​​ដូច្នេះ​ហើយ​ទើប​​លោក​ត្រូវ​ផ្ដោត​ខ្លាំង​ជាង​គេ​គឺ​​ការ​​​ដោះ​ឃ្លេ​​ពេល​ដេក​ និង​ ​​រើ​បម្រាស់​វាយ​​បក​​ឡើង​វិញ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT