នីហ្សេរីយ៉ា​​បានប្រពន្ធខ្មែរ Emmanuel ​​សង​សឹក​​ Devon Morris បាន​សម្រេច​ ខណៈ​ ឡុង​ ឡា​ ​​និង​ ចាន់ សំអាត​ ​ចាញ់​នៅ​ជប៉ុន

​​កីឡាករ​​នីហ្សេរីយ៉ា​​ហ្វឹកហាត់​នៅ​កម្ពុជា Emmanuel Onyedikachi ​ សង​សឹក​​លើ​​កីឡាករ​អាមេរិក​ Devon Morris​ ​បាន​សម្រេច​ក្នុង​ប្រភេទ​ទម្ងន់ WELTERWEIGHT​ស្រប​ពេល​ដែល​ ចាន់ សំអាត​ ចាញ់​ពិន្ទុ​ Hikaru Yoshino ​ដោយ​ពិន្ទុ​​ជា​​ឯកច្ឆន្ទ​ ​​ហើយ​ ឡុង ឡា​ ចាញ់​​​ Asuka Tsubaki ​​នៅ​ទឹក​ទី​នា​សង្វៀន​​ ONE :WARRIOR SERIES ​​8 ​នៅ​ក្រុង​តូក្យូ​ប្រទេស​​ជប៉ុន​​នា​រសៀល​ថ្ងៃ​ទី​​ ៥ តុលា។

Emmanuel Onyedikachi សង​​សឹក​Devon Morris ​បាន​សម្រេច៖ ​

​​ទោះ​មាន​មាន​របួស​ដោយ​សារ​ Devon ​ធាក់​ចំ​​​ត្រង់​ប្រដាប់​ការពារ​ ​ក៏​អាជ្ញា​កណ្ដាល​សម្រេច​ឲ្យ​​ Emmanuel Onyedikachi ​ឈ្នះ​ពិន្ទុ​ដែរ។​ កីឡាករ​​គុន​ចម្រុះ​នីហ្សេរីយ៉ា​​ Emmanuel Onyedikachi ​​​ដែល​​ប្រកួត​តំណាង​ក្លិប «សិល្បៈ» របស់​ ចាន់ រតនា​ ​បង្ហាញ​ភាព​ក្លៀវក្លា​ដោយ​រលាត​មួយ​ ​នៅ​មុខ​​កីឡាករ​អាមេរិក​ Devon Morris ​មក​ពី Phuket Top Team ​​មុន​​ប្រកួត​នៅ​ទឹក​ទី១។ ​កីឡាករ​ទាំង​ពីរ​មិន​ហ៊ាន​ចូល​ចាប់​​ដូច​គ្នា ដោយ​ប្រើ​កណ្ដាប់​ដៃ​ និង ទាត់​ប្រយោល​នៅ​ទឹក​ទី១។ ​ហើយ​ចុង​ទឹក​ដំបូង​នេះ Emmanuel ​វ៉ៃ​ចូល​មួយ​ដៃ​ ធ្វើ​ឲ្យ​ Devon ទ្រេត​​ទើប​រត់​ចូល​​ឱប​គ្នា​បន្តិច​ ​ហើយ​​ ងើប​វិញ​​រហូត​ចប់​ទឹក​។​ ​ចូល​ទឹក​ទី​២​ជា​ការ​ចាប់​ផ្ដើម​ទាត់​​គ្នា​យ៉ាង​ច្រើន​ជើង​ទៅ​មកៗ​និង​ប្ដូរ​កណ្ដាប់​ដៃ​ម្ដងៗ។ ​ប៉ុន្តែ​សល់​ ២​នាទី​​នៃ​​ទឹក​ទី២ ​Onyedikachi ​វាយ​ចូល​ Devon មួយ​ដៃ​​ឡើង​ទ្រេត​ជា​ថ្មី​ ហើយ​បន្ត​ទាត់​​ឲ្យ​ដៃ​គូ​វៀច​ជើង​​​២​ដង​ទៀត។​ ​ការ​ប្រកួត​រឹត​តែ​ជក់​ចិត្ត​នៅ​ទឹក​ចុង​ក្រោយ​ ​ដោយ​អ្នក​ទាំង​ពីរ​បាន​ប្ដូរ​កណ្ដាប់​ដៃ​គ្នា និង ជើង​ទៅ​មក​ ខណៈ​ដែល Devon ​មាន​សន្ទុះ​វ៉ៃ​ល្អ​ជាង​ពីរ​ទឹក​ដំបូង។ ​កណ្ដាប់​ដៃ​របស់​ Devon ចេញ​បាន​ល្អ​ជាង​ Emmanuel នៅ​ទឹក​ទី៣។ ​​​​ប៉ុន្តែ​ ​Devon ​បាន​ធាក់​ចំ​​ប្រដាប់​ការពារ​របស់ Emmanuel​ ​និង​ឈឺ​កន្លែង​សំខាន់​​ដែល​​ត្រូវ​សម្រាក​​មើល​របួស​ចំនួន​ ​៥​នាទី។ ​​Emmanuel ​មិន​អាច​ប្រកួត​បាន ប៉ុន្តែ​ Devon ​​ក៏​វៀច​ជើង​ពិបាក​​​ដើរ​ដែរ។​ ​ទី​បំផុត​ អាជ្ញា​កណ្ដាល​សម្រេច​​ឲ្យ​ ​ Emmanuel ​ ឈ្នះ​ពិន្ទុ​ Devon ។ ​​នេះ​ជា​ការ​សង​​សឹក​បាន​សម្រេច​ ​​និង ​ប្រកួត​យ៉ាង​ជក់​ចិត្ត​ក្រោយ​ ​Emmanuel ចាញ់​ទឹក​ទី​ ២ កាល​ខែ កុម្ភៈ នៅ​សិង្ហបុរី។​ Emmanuel បាន​ប្រាប់​មុន​ប្រកួត​ថា​ ​រូប​​គេ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ពី​ប្រកួត​មុនៗ​​ហើយ​ជាក់​ស្ដែង​ ​មុន​បញ្ឈប់​ការ​ប្រកួត​ កីឡាករ​​នីហ្សេរីយ៉ា​​ហ្វឹកហាត់​នៅ​កម្ពុជា​រូប​នេះ​ធ្វើ​បាន​ល្អ​មែន។

ចាន់ សំអាត ចាញ់​ពិន្ទុ​ ​ Hikaru Yoshino៖

​ខ្លា​ចាស់​ភ្នំ​ដង​រែក​ ចាន់ សំអាត ចាញ់​ពិន្ទុ​​កីឡាករ​​​​ម្ចាស់​ផ្ទះ​ជប៉ុន​ Hikaru Yoshino ជា​​​ឯកច្ឆន្ទ​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​​​​ក្នុង​ប្រភេទ​ទម្ងន់​ Bantamweight។ ​ទឹក​ទី​១ ភ្លាម​​​ក្ដៅ​ម៉ាស៊ីន​រៀង​ខ្លួន​ ទាំង Hikaru និង ចាន់ សំអាត​​ បាន​ចូល​​ចាប់​គ្នា​​​​និង​ប្រើ​ក្បាច់​តែ​ម្ដង។ ​ដ្បិត Hikaru នៅ​ពី​លើ​ ​ប៉ុន្តែ​ ​សំអាត ​បាន​​យក​ដៃ​គាប​ក​ជាប់​​មិន​ឲ្យ​កីឡាករ​ជប៉ុន​ធ្វើ​អ្វីៗ​តាម​ចិត្ត​នោះ​ឡើយ។ ​សំអាត​ ​បាន​ខិត​ខំ​រើ​បម្រាស់​ ប៉ុន្តែ​​នៅ​ជាប់​ក្រញាំ​របស់​ Hikaru ​ដដែល​នៅ​ទឹក​ទី១។ ​យ៉ាង​ណា​ក្ដី ​​​សំអាត​ បាន​យក​ជង្គង់​​អុក និង​ ដៃ​គាប​ក​​តិចៗ​រហូត​ចប់​ទឹក​ទី១។ ​ចូល​ទឹក​ទី២​ Hikaru ​បាន​ចូល​​ឱប​នៅ​ពី​លើ​​ សំអាត និង​ប្រើ​កណ្ដាប់​ដៃ​ហូរហែ។ ​​​សំអាត ខំ​ប្រឹង​​រើ​ខ្លាំង​នៅ​ពាក់​កណ្ដាល​ទឹក​ទី២ ប៉ុន្តែ​ មិន​​ទៅ​រួច​ឡើយ​ដោយ​ ​ដង​ខ្លួន​របស់​ Hikaru នៅ​ពី​លើ​​​ផង​ ​វ៉ៃ​​កណ្ដាប់​ដៃ​ផង និង​ អុក​ជង្គង់​ទៀត​ផង។​ ​មិន​ខុស​ពី​ទឹក​ទី១ ​សំអាត​ មិន​អាច​រើ​ខ្លួន​រួច​រហូត​ដល់​ចប់​ទឹក​ទី២។ ​សំអាត​ មិន​ចង់​ឲ្យ​ Hikaru ​​ចូល​ចាប់​បោក​ទេ​នៅ​​ដើម​ទឹក​ទី៣ ប៉ុន្តែ ​កូន​សិស្ស​លោក​ហ៊ុន ច័ន្ទរាជ្យ​ ​ទប់​មិន​ជាប់​ដោយ​ត្រូវ​ចូល​ឃ្លេ​ដដែល។ ​ពេល​ចូល​ឃ្លេ​​ហើយ សំអាត​​ពិត​ជា​លំបាក​ដោះ​ណាស់​ ​​ហើយ​​ត្រូវ​ ​កីឡាករ​ជប៉ុន​​អុក​ជង្គង់​​ចំ​ដើម​ទ្រូង​ ​វ៉ៃ​ពី​លើ​ និង គាប​ក​ជាប់​រហូត​ដល់​ចប់​ទឹក​ទី៣។ ​ទីបំផុត​ ចាន់ សំអាត ចាញ់​ពិន្ទុ​ជា​​ឯកច្ឆន្ទ។

ឡុង ឡា​ ចាញ់​​​កីឡាករ​ជប៉ុន Asuka Tsubaki ​ត្រឹម​ទឹក​ទី​២៖

​ឡុង ឡា ចាញ់​​​កីឡាករ​ជប៉ុន​​ Asuka Tsubaki ​​នៅ​ទឹក​ទី២​ ក្នុង​​ការ​ប្រកួត​​គុន​ចម្រុះ​​​​ប្រភេទ​​ទម្ងន់​ Featherweight។ ​ចូល​ទឹក​ទី១ ​ទាំង​ Asuka និង ឡុង​ ឡា​សុទ្ធ​​តែ​ខ្លាច​រអា​​រៀងៗ​ខ្លួន​ ដោយ​ការ​ឈរ​វ៉ៃ​ប្រយោល​ទាំង​អស់​គ្នា​ ហើយ​ក្នុង​នោះ​ ឡុង​ ឡា បាន​ឆក់​​ឱកាស​ចូល​វ៉ៃ​ និង​ ​ទាត់​បាន​ម្ដងៗ។ ​បែប​ណា​ក្ដី​​ Asuka ​មិន​​ញញើត​​នឹង​ ឡុង ឡា​ ឡើយ​ ទោះ​​​កីឡាករ​កម្ពុជា​វ៉ៃ​ចំ គោល​ដៅ​នៅ​ចុង​ទឹក​​ក្ដី។ ចូល​ទឹក​ទី២​ ​កីឡាករ​ជប៉ុន​ បាន​ព្យាយាម​ចូល​​ឱប​និង​ផ្ដួល​ ឡុង ឡ រហូត​បាន​សម្រេច​នៅ​ដើម​ទឹក។ ​Asuka ​បាន​​​​នៅ​ពី​លើ និង ​​ប្រើ​កណ្ដាប់​ដៃ​វ៉ៃ​មុខ​ ឡុង ឡា​ជា​ច្រើន​ ​​រួម​​ដោយ​ការ​ប្រើ​ជើង​គាប​ ឡុង ឡា​ជាប់។ ​ទី​បំផុត​​ កីឡាករ​តំណាង​ឲ្យ​កម្ពុជា​ មិន​អាច​ដោះ​ឃ្លេ​បាន​ឡើយ​ ហើយ​ ត្រូវ​​កីឡាករ​ជប៉ុន​វ៉ៃ​សន្ធាប់​រហូត​អាជ្ញា​កណ្ដាល​​បញ្ឈប់​ត្រឹម​ទឹក​ទី២​ តែ​ម្ដង។​ គ្រូ​ ​បង្វឹក ហ៊ុន ច័ន្ទរាជ្យ ​បាន​ថ្លែង​មុន​ទៅ​ប្រកួត​រួច​មក​ហើយ​ថា​ កីឡាករ​ជប៉ុន​ច្បាស់​​ជា​ដើរ​​ចូល​ឱប​ដោយ​ប្រើ​​ក្បាច់​ឃ្លេ​ ​​ឬ ក្បាច់​​វ៉ៃ​ក្នុង​ជំហរ​ដេក។ ​​អ្វីៗ​​ ដូច​ការ​​​​ថ្លែង​របស់​​លោក​ ស្រប​ពេល​ដែល ​កម្លាំង​របស់ ឡុង ឡា មិន​អាច​ទប់​នឹង​ការ​​ចូល​ឱប​របស់ Asuka ​បាន​ឡើយ។ ​​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT