គ្រូ​បង្វឹក​អេស្ប៉ាញ៖ ​យើង​សំណាង​ហើយ​យប់មិញ  បាន​ឈរ​លេខ​១

លោក Fernando Hierro ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​សំណាង​ហើយ ដែល​មាន​ឱកាស​ឈរ​លេខ​១​ក្នុង​ពូល B ​និង​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

អេស្ប៉ាញ ​ប្រកួត​ជាមួយ​ម៉ារ៉ុក​យប់មិញ​នេះ ​គឺ​ពិត​ជា​ស្វិតស្វាញ​មែនទែន។ ខណៈ​ដែល​ពួកគេ​សឹង​តែ​មិន​អាច​យក​ពិន្ទុ​ពី​ម៉ារ៉ុក​ទៅ​ហើយ។ លទ្ធផល​ស្មើ​គ្នា ២-២ ​នេះ គឺ​ម៉ារ៉ុក​ជា​អ្នក​នាំ​មុខ​មុន ​នៅ​នាទី​១៤ ​ដោយ​កីឡាករ Boutaib ​មុន​ពេល​ដែល Isco ​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ​នៅ​នាទី​១៩។ ​ក្រោយ​មក​ទៀត ​នៅ​នាទី​៨១ ​កីឡាករ​ Nesyri ​អាច​ថែម​គ្រាប់​នាំ​មុខ​ឱ្យ​ម៉ារ៉ុក​ជា​ថ្មី​ម្ដង​ទៀត។ ការ​នាំ​មុខ​នៅ​ចុង​តង់​នេះ ​បាន​ធ្វើ​ឱ្យ​អេស្ប៉ាញ​បុក​ពោះ​មិន​ស្ទើរ​នោះ​ទេ ​ប៉ុន្តែ​ជា​សំណាង Aspas ​អាច​សង្គ្រោះ​អេស្ប៉ាញ​មក​វិញ ​ដោយ​រក​បាន​គ្រាប់​បាល់​ស្មើ​នៅ​នាទី​៩០+១។

លទ្ធផល​ប្រដេញ​គ្នា​យ៉ាង​នេះ ​បាន​ធ្វើ​ឱ្យ​លោក Hierro ​គិត​ថា​៖ “ម៉ារ៉ុក​ពិត​ជា​ក្រុម​ល្អ​មែន។ ពួកគេ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​យើង​រហូត។ នេះ​គឺ​ជា​រឿង​សំណាង​មួយ​ដែល​យើង​អាច​រក​បាន​១​ពិន្ទុ ​និង​បាន​ឈរ​នៅ​កំពូល​តារាង​ទៀត។ ប្រកួត​បន្ទាប់​យើង​ត្រូវ​ពង្រឹង​ឡើង​វិញ ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់ ​និង​កុំ​ឱ្យ​របូត​គ្រាប់​បាល់​ស្រួល​ៗ​ពេក”។

អេស្ប៉ាញ​លេខ​១​ក្នុង​ពូល B ​ត្រូវ​តតាំង​ជាមួយ​ម្ចាស់​ផ្ទះ​រុស្ស៊ី ​លេខ​២​ក្នុង​ពូល A ។ ​ការ​ប្រកួត​របស់​ពួកគេ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT