ក្រុម FC Barcelona យកឈ្នះលើក្រុម Sevilla ៤-០ នៅយប់មិញ ធ្វើឱ្យពួកគេឡើងឈរនៅលេខ២ ក្នុងតារាង La Liga ហើយចាញ់ពិន្ទុក្រុមកំពូលតារាង Real Madrid តែ២ពិន្ទុប៉ុណ្ណោះ។
ក្រោយជាសះស្បើយពីរបួស Lionel Messi ក៏បានបង្ហាញខ្លួនជួយក្រុមពេញជើងឡើងវិញ។ ជាក់ស្ដែងនៅយប់មិញ ក្នុងជ័យជម្នះលើក្រុម Sevilla ៤-០ នោះ ក៏ប្រធានក្រុមរូបនេះរកបាន១គ្រាប់ ដែលជាគ្រាប់បាល់ដំបូងនៅ La Liga ផងដែរ។ ក្រុមអ្នកមានបុណ្យហាក់ដូចជាពេញជើងឡើងវិញហើយ និងមានទម្រង់លេងយ៉ាងល្អថែមទៀត។ ៤គ្រាប់យប់មិញធ្វើបានដោយ Suarez នៅនាទី២៧ Vidal នាទី៣២ Dembele នាទី៣៥ និង Messi នាទី៧៨។
ត្បិតតែឈ្នះបានមែននៅយប់មិញ ប៉ុន្តែក៏មានរឿងមិនល្អកើតឡើងសម្រាប់ក្រុម Barcelona ដែរ។ កីឡាករ២នាក់របស់ពួកគេ Ronald Araujo និង Ousmane Dembele ត្រូវអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបណ្ដេញចេញពីទីលាន។ Araujo ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហម ស្របពេល Dembele ដែលស្ទុះទៅជួយតវ៉ានោះ បានហៅអាជ្ញាកណ្ដាលថាមនុស្សអាក្រក់ ទើបត្រូវទទួលបានកាតក្រហមដែរទៅ៕ប្រភព៖ Dailymail