ខ្សែប្រយុទ្ធ Eden Hazard រកគ្រាប់បាល់ដំបូងរបស់ខ្លួនបានហើយឱ្យក្រុម Real Madrid ក្នុងជ័យជម្នះលើក្រុម Granada ៤-២ នៅយប់មិញនេះ។វាជាគ្រាប់បាល់ដំបូងរបស់កីឡាករបែលហ្សិកនេះ ហើយក៏បានធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តវិញផងដែរ ព្រោះមិនមែនតែរកគ្រាប់បាល់បានទេ រូបគេក៏បោះបាល់ឱ្យមិត្តរួមក្រុម១គ្រាប់ផងដែរ។ ក្រោយចប់ការប្រកួត អតីតកីឡាករ Chelsea រូបនេះបាននិយាយដូច្នេះថា៖ “គ្រាប់បាល់គឺជារឿងសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំសប្បាយចិត្តដែលក្រុមឈ្នះ។ យើងកំពុងនៅកំពូលតារាង ហើយនោះជាអ្វីដែលយើងត្រូវការ។ វាតែងតែពិបាកសម្រាប់ការរកគ្រាប់បាល់ដំបូង ប៉ុន្តែវាបានកើតឡើងហើយ”។
ត្រឹមសប្ដាហ៍ទី៨នេះ ក្រុម Real Madrid ឈរនៅលេខ១កំពូលតារាងឆ្លងកាត់៨ប្រកួត មាន១៨ពិន្ទុ មិនទាន់បរាជ័យនៅឡើយទេ។ ដោយឡែកដៃគូប្រជែងដទៃទៀតដែលត្រូវប្រកួតនៅយប់នេះ គឺ Atletico Madrid នៅលេខ៣ មាន១៤ពិន្ទុ និងក្រុម Barcelona នៅលេខ៤ មាន១៣ពិន្ទុ៕
ប្រភព៖ DailyMail