នាវេលាម៉ោង ០៩:០០ នាទីយប់ថ្ងៃសោរ៍នេះក្លឹបហង្សក្រហម Liverpool នឹងបើកកីឡដ្ឋាន Anfield ស្វាគមន៍ក្លឹបកញ្រ្ជោង Leicester City ដែលជាជំនួបជុំទី ៧ នៅក្របខ័ណ្ឌ Premier League។
ការទន្ទឹងរង់ចាំមើលរបស់អ្នករាល់គ្នា ដើម្បីចង់ដឹងថាតើ Leicester អាចក្លាយជាក្រុមដំបូងដែលផ្តល់មេរៀនបរាជ័យដល់ហង្សឬបន្តឲ្យហង្សមិនទាន់ស្គាល់ពាក្យថា ‘ចាញ់’ នៅសប្តាហ៍នេះបន្តទៀត។ ថ្លែងមុនឈានដល់ការប្រកួតលោក Jurgen Klopp បានសង្កត់ធ្ងន់ថា៖ “មើលតាមស្ថានភាពជាក់ស្តែង Leicester ជាក្រុមដែលអាចប្រជែងតំណែង Top 4 បាន ១០០ ភាគរយ”។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បន្ត៖ “ក្រុមនេះមិនខុសពីក្រុម Top 6 នោះទេ ពោលគឺឆ្នាំនេះអាចថាជាឆ្នាំទីពីរដែលល្អបំផុតសម្រាប់ពួកគេ”។
បញ្ជាក់ថាចាប់តាំងពីការដឹកនាំដោយលោក Rodgers នាខែមិនា មកទល់ពេលនេះ Leicester យកបាន ៣១ ពិន្ទុនៅលីគ ដែលមានក្រុមពីរគត់អាចបានលើសនេះគឺហង្ស Liverpool បាន ៤៩ ពិន្ទុនិង Man City បាន ៤៣ ពិន្ទុ៕ ប្រភព៖ Sportskeeda