គ្រូ​បង្វឹក​អ៊ឺរ៉ង់៖ ​តាម​ច្បាប់​វាយ​កែង​គេ​ត្រូវ​បាន​កាត​ក្រហម ទោះ​ម្នាក់​នោះ​ជា Ronaldo ​ឬ Messi ​ក៏​ដោយ

លោក Carlos Queiroz ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ ​បាន​បញ្ជាក់​ថា​ការ​ឱ្យ​កែង​របស់ Cristiano Ronaldo ​គួរ​តែ​បាន​កាត​ក្រហម ​មិនមែន​ត្រឹម​កាត​លឿន​នោះ​ទេ។

ការ​ប្រកួត​ស្មើ​គ្នា​ ១-១ ​យប់មិញ​នេះ​បាន​ធ្វើ​ឱ្យ​ព័រទុយហ្គាល់​មាន​ឱកាស​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ស្រប​ពេល​ដែល​អ៊ីរ៉ង់​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល​នេះ​ហើយ។ ​យ៉ាងណាមិញ ​បើ​និយាយ​ចំពោះ​ការ​ប្រកួត​វិញ ​ឃើញ​ថា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន ​តួ​យ៉ាង​ដូចជា កីឡាករ Ronaldo ​បាន​ប៉ះ​កែង​ជាមួយ​កីឡាករ Morteza Pouraliganji ​របស់​អ៊ីរ៉ង់។ ​មួយ​កែង​នេះ ​បាន​ធ្វើ​ឱ្យ​អាជ្ញាកណ្ដាល​ត្រូវ​ទៅ​ពិនិត្យ​មើល​វីដេអូ VAR ​ទើប​អាច​សម្រេច​ចិត្ត​បាន។

ក្រោយ​ពី​ទៅ​ពិនិត្យ​មើល​យ៉ាង​ល្អិត​ល្អន់​ហើយ ​អាជ្ញាកណ្ដាល ​Enrique Caceres ​បាន​សម្រេច​ចិត្ត​ឱ្យ​កាត​លឿង​ទៅ​លើ​កំហុស​របស់ Ronaldo ​ប៉ុន្តែ​មិន​ឱ្យ​ដល់​កាត​ក្រហម​នោះ​ទេ។ ​ចំពោះ​រឿង​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Queiroz ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​បាន​និយាយ​ថា​៖ “ការ​វាយ​កែង​ទៅ​លើ​ដៃ​គូ ​បើ​តាម​ច្បាប់​ត្រូវ​បាន​កាត​ក្រហម ​មិន​ថា​ម្នាក់​ដែល​វាយ​គេ​នោះ​ជា Lionel Messi ឬ Cristiano Ronaldo ​នោះ​ទេ”។

សូម​បញ្ជាក់​ថា​បាន​១​ពិន្ទុ​យប់មិញ​នេះ ព័រទុយហ្គាល់ ​នឹង​ឈរ​លេខ​២​ក្នុង​ពូល B ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ប៉ះ​ជាមួយ​ក្រុម​អ៊ុយរុយហ្គាយ​ដែល​បាន​លេខ​១​ក្នុង​ពូល A ៕ប្រភព៖DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT