ក្លឹប Barcelona គ្រោងយកកីឡាករទើបទិញចូលរបស់ខ្លួន Griezmann ជាថ្នូរដើម្បីទៅចរចាជាមួយក្រុម PSG ម្ដងទៀតនារដូវកាលដោះដូរខាងមុខ ដើម្បីយក Neymar ។
កីឡាករបារាំងខាងលើតាំងពីផ្លាស់ចូលក្រុម Barcelona មក មិនទាន់បានបង្ហាញអ្វីជាពិសេសសម្រាប់អ្នកគាំទ្រពេញចិត្តនៅឡើយទេ បើទោះជារូបគេតែងតែជាប់ជម្រើស១១នាក់ដំបូងក៏ដោយ។ ស្របពេលការលេងជាមួយប្រធានក្រុម Lionel Messi ដែលទើបជាពីរបួសនោះក៏មិនទាន់យល់ចិត្តគ្នាទៀត ទើបធ្វើឱ្យក្រុមអ្នកគាំទ្រហាក់មិនសូវជាពេញចិត្តសម្រាប់វត្តមានរបស់ Griezmann ទេ។
មានប្រភពនៅអេស្ប៉ាញបានចុះផ្សាយថាអតីតកីឡាករ Atletico Madrid នេះ អាចនឹងត្រូវចាកចេញពីក្រុមអ្នកមានបុណ្យនៅរដូវកាលខាងមុខនេះហើយ។ ក្លឹបមានគម្រោងយករូបគេជាថ្នូរដើម្បីទៅចរចាទិញយក Neymar ត្រលប់មកវិញ។ ដោយក្លឹប Barcelona ជឿថា PSG ក្លឹបយក្សនៅបារាំងក៏ចង់បានកីឡាករសញ្ជាតិបារាំងនេះទៅរួមក្រុមដើម្បីបង្កើនប្រជាប្រិយភាពខ្លួនផងដែរ៕ប្រភព៖ Dailymail