Di Maria៖ “ប៉ុន្មាន​ម៉ាត់​នេះ Messi និយាយ​ដល់​ថ្នាក់​កីឡាករ​អាហ្សង់ទីន​ស្រក់​ទឹក​ភ្នែក”

Angel di Maria ​បាន​ទម្លាយ​នូវ​ពាក្យ​សម្តី​ប៉ុន្មាន​ឃ្លា​របស់ Lionel Messi ដែល​អាច​ធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម​អាហ្សង់ទីន​ស្រក់​ទឹក​ភ្នែក ក្រោយ​ពី​បរាជ័យ​ទល់​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​នៅ​ពាន​រង្វាន់ Copa America។

បរាជ័យ​លទ្ធផល ២-០ នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​បាន​ធ្វើ​ឲ្យ​ប្រធាន​ក្រុម Messi មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង ហើយ​មក​ទល់​ថ្មីៗ​ Di Maria ក៏​បាន​សើរើ​រឿង​ចាស់​ហើយ​និយាយ​ថា៖ “ក្រោយ​បិទ​ការ​ប្រកួត​នោះ Messi និយាយ​ពាក្យ​ពិសេស​ជា​ច្រើន​ពេល​យើង​ធ្លាក់​ដោយ​ថ្វី​ជើង​ប្រេស៊ីល”។

លោក​បន្ត​ប្រាប់ ESPN ថា៖ “Messi ​បាន​ប្រាប់​យើង​ថា​គាត់​មាន​មោទនភាព​ចំពោះ​ក្រុម​ទាំង​មូល​ដែល​យើង​បាន​កសាង​នេះ​ខ្លាំង​ណាស់ ត្បិត​យើង​ទាំង​អស់​គ្នា ខ្លះ​មិន​បាន​ជុំ​គ្នា​ព្រោះ​មិន​បាន​កោះហៅ​ចូលរួម​ការ​ប្រកួត ប៉ុន្តែ​ក៏​មាន​អារម្មណ៍​ល្អ​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ”។

“Messi គាត់​ក៏​សង្កត់​ធ្ងន់​ពី​ការ​ពុះពារ​របស់​យុវជន​ជំនាន់​ក្រោយ​ក្នុង​ការ​ប្រើប្រាស់​អាវ​ជម្រើស​ជាតិ​អាហ្សង់ទីន ហើយ​ប្រសិន​ពួក​គេ​នៅ​តែ​បន្ត​ផ្តល់​ឲ្យ​ដូច​អ្វី​ដែល​បាន​ធ្វើ​នៅ Copa America នោះ​ពួក​គេ​នឹង​សក្ដិសម​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​នោះ​ថែម​ទៀត លុះ​ពេល​គាត់​និយាយ​ចប់ គ្រប់​គ្នា​បាន​ស្រក់​ទឹក​ភ្នែក ព្រោះ​វា​ពិត​ជា​រំជួល​ចិត្ត​អ្នក​រាល់​គ្នា​ខ្លាំង​មែនទែន ជា​ពិសេស​គឺ​យុវជន​ជំនាន់​ក្រោយ​តែ​ម្តង”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT