នៅវេលាម៉ោង ១១:៤៥ នាទីយប់ថ្ងៃអង្គារនេះក្លឹបស្តេចស Real Madrid នឹងត្រូវបើកកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្លឹប Club Brugge ដែលជាជំនួបជុំទី ២ ក្នុងវគ្គចែកពូល UEFA Champions League។
ត្បិត Club Brugge ពុំមែនជាក្លឹបកំពូលមួយនៅអឺរ៉ុបពិតមែន ប៉ុន្តែប្រសិន Zidane ថ្លោះធ្លោយនោះកាលៈទេសៈនៃការកើតគ្រាប់បាល់របស់ក្រុមភ្ញៀវគឺពិតជាមើលមិនឃើញឡើ។ នៅ Jupilier Pro League រយៈ ពេល ៥ ឆ្នាំចុងក្រោយ ក្លឹបមួយនេះគឺលេចធ្លោខ្លាំងគួរសម ដែលបានឈ្នះពានក្នុងលីគចំនួន ២ លើក និងសេសសល់ប៉ុន្មានគឺឈរជើងឯករង។
កីឡាករដែលអាចបង្កគ្រោះថ្នាក់ដល់ Madrid នៅរាត្រីនេះ គឺ Hans Vanaken ដែលជាខ្សែបម្រើពូកែក្រឡុកមួយរូបរបស់ Club Brugge។ ស្ថិតនៅកម្ពស់ ១.៩៤ ម៉ែត្របុរសវ័យ ២៧ ឆ្នាំរកបាន ៧ គ្រាប់ហើយនារដូវកាលនេះ ខណៈរដូវកាលចាស់បំបែកបាន ១៧ គ្រាប់និង Assist ១៨ លើក។
បន្តបន្ទាប់ពីនោះកូនក្រុមរបស់លោក Philippe Clement ក៏មានកីឡាករល្អៗច្រើនទៀតដូចជា Percy Tau, Krepin Diatta, Mbaye Diagne, David Okereke និង Lois Openda៕ ប្រភព៖ Marca