គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លិប Cambodian Top Team បានឲ្យដឹងថា ការប្រកួតនៅសង្វៀន ONE: WARRIOR SERIES រវាង ឡុង ឡា និង កីឡាករជប៉ុន Asuka Tsubaki ដឹងតែល្អមើលជាក់ជាមិនខានបើសិនគូបដិបក្ខជប៉ុនហ៊ានប្រើជំហរវ៉ៃហើយមិនសូវចូលចាប់បោកពីលើត្រាំត្រែងយូរពេក។
ឡុង ឡា ដែលប្រកួតតំណាងឲ្យក្លិប Cambodian Top Team នឹងជួបអ្នកលេងគុនចម្រុះម្ចាស់ផ្ទះ Asuka Tsubaki មកពីក្លិប Trident Gym នៅសង្វៀន ONE: WARRIOR SERIES នាយប់ថ្ងៃទី ៥ ខែ តុលា ខាងមុខនៅក្រុងតូក្យូប្រទេសជប៉ុន។
គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ បានអះអាងថា ៖«ឡុង ឡា ធ្លាប់ហ្វឹកហាត់ MMA ជាមួយខ្ញុំរយៈពេល ៣ ឆ្នាំមកហើយ ប៉ុន្តែផ្អាកមួយរយៈចុងក្រោយ។ លើកនេះយើងបានហាត់ត្រៀមប្រកួត ជាង ៣ សប្ដាហ៍មកហើយ។ ខ្ញុំបានបង្ហាត់ក្បាច់ចាប់ ក្បាច់ឃ្លេ និង ដោះសម្រាប់ ឡុង ឡា រួចហើយ។ អ្វីសំខាន់តើពេលនៅលើសង្វៀន ឡុង ឡា អាចបត់បែប ឬ គិតទាន់តាមសភាពការណ៍ឬអត់»។
ក្នុងកំណត់ត្រាកន្លងមក ឡុង ឡា មិនទាន់មានបទពិសោធន៍លើសង្វៀន ONE ប៉ុន្តែ មានបទពិសោធន៍ប្រកួតដាក់ទ្រុងក្នុងស្រុកប្រហែល ៧ដង និង ធ្លាប់ប្រកួតក្បាច់គុនចម្រុះដោយវាយកីឡាករថៃឲ្យសន្លប់ទៀតផង។ រីឯ គូប្រកួតជាតិជប៉ុន Asuka Tsubaki ប្រកួតលើសង្វៀន ONE បានចំនួន ២ លើកក្នុងនោះឈ្នះ ១ និង ចាញ់ ១ ដង។ Asuka ឈ្នះពិន្ទុកីឡាករចិន ZHUOJIANGCUO LUO កាលខែ កុម្ភៈ ក្រោយចាញ់កីឡាករ អាស៊ែបៃហ្សង់ Anvar Amirli ក្នុងទឹកទី១កាល ខែតុលា ឆ្នាំ ២០១៨ នៅសិង្ហបុរី។
លោក ហ៊ុន ចន្ទរាជ្យ សង្កត់ធ្ងន់ថា ៖«កីឡាករជប៉ុន ខុសពីកីឡាករថៃ ដែលឡុង ឡា ធ្លាប់វ៉ៃឲ្យសន្លប់។ Asuka ច្បាស់ជាចូលចាប់ ឡុង ឡា ច្រើនជាងការប្រកួតគុនខ្មែរព្រោះគេជំនាញខាងចាប់។ ប៉ុន្តែយើងបានត្រៀមគ្រប់ក្បាច់ដើម្បីបង្ហាញខ្លួនឲ្យល្អនៅជប៉ុន។ ឡុង ឡា នឹងបើកក្បាច់ប្រយុទ្ធបែប MMA និង គុនខ្មែរបានច្រើនតាមតែអាចធ្វើបាន»។
បែបណាក្ដី កីឡាករវ័យ ១៩ ឆ្នាំ បានតាំងចិត្តយ៉ាងមោះមុត និង យកចិត្តទុកដាក់ក្នុងការត្រៀមខ្លួនចេញទៅប្រកួតលើកដំបូង នៅសង្វៀន ONE។ ឡុង ឡា ធ្លាប់បង្ហើបថា ខ្លួនមិនសូវពូកចាប់ ប៉ុន្តែ រូបគេពូកែខាងគុនខ្មែរ ដែលនឹងធ្វើឲ្យគូប្រជែងញញើតនឹងការចូលចាប់។ ឡុង ឡា មិនត្រឹមតែហាត់ជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប៉ុន្តែរូបគេក៏ធ្លាប់ហាត់ក្បាច់យូដូ មានបោក ឃ្លេ និង ចាប់ ជាមួយគ្រូបង្វឹកយូដូជម្រើសជាតិលោក ឡាច វុទ្ធី ដែរ។ លោក ហ៊ុន ច័ន្ទរាជ្យ អមដោយកូនសិស្ស ចាន់ សំអាត និង ឡុង ឡា នឹងចេញទៅជប៉ុននាយប់ថ្ងៃទី២ តុលា។
គួរដឹងថា ឡុង ឡា ចូលហាត់ប្រដាល់តាំងពីឆ្នាំ ២០១២ មកក្រោមការបង្វឹករបស់លោក ផល សុភា នៅក្លិបមួយនាខេត្តឧត្តរមានជ័យ ហើយក៏ប្ដូរមកក្លិប អប់រំកាយខេត្តខេត្តឧត្ដរមានជ័យដូចគ្នា។ មួយរយៈចុងក្រោយនេះ ឡុង ឡា មានប្រជាប្រិយភាពគួរសមតាមរយៈការប្រកួតញឹកញាប់លើសង្វៀនក្នុងស្រុក និង ការចេញទៅប្រកួតលើសង្វៀននៅប្រទេសថៃ។