ក្រោយចប់ការប្រកួតនឹងក្លឹប Sampdoria ដែល Inter Milan បន្តកំណត់ត្រាមិនទាន់ស្គាល់ពាក្យថាចាញ់ ពួកគេក៏ត្រូវរូតរះលុតដំខ្លួនបន្ថែមទៀតព្រោះនៅពីរប្រកួតបន្ទាប់សុទ្ធតែជាប្រកួតមរណៈដែលត្រូវជួបក្រុមខ្លាំង FC Barcelona និង Juventus។
នៅថ្ងៃទី ៣ តុលានឹងត្រូវតតាំងម្ចាស់ដី Camp Nou មុនរំលងមួយសប្តាហ៍ស្វាគមន៍ក្រុមភ្ញៀវសេះបង្កង់នៅទឹកដីរបស់ខ្លួន។ តាមរយៈការលើកឡើងរបស់អ្នកចាត់ការលោក Antonio Conte មានប្រសាសន៍ថា៖ “យើងត្រូវប្រមូលថាមពលរបស់យើងមកវិញ ដើម្បីបង្កើតការលំបាកដល់ក្លឹប Barca ហើយត្រូវដាក់សម្ពាធនិងដាក់កំហិតលើការលេងរបស់ពួកគេ បើពុំដូច្នោះទេយើងនឹងត្រូវជួបបញ្ហា”។
លោកបន្តថា៖ “យើងក៏ត្រូវល្អក្នុងការបណ្តើរបាល់និងបង្កើតឱកាសបន្ថែមទៀត ព្រោះដំណាក់កាលចាប់ផ្តើមដំបូងក្នុងលីគលទ្ធផលបានសបង្ហាញមកហើយពីការខិតខំរបស់យើង”៕ ប្រភព៖ AF