នៅដើមឆ្នាំក្រោយ ២០២០ ក្រុមជម្រើសជាតិឥណ្ឌាអាចនឹងបើកការប្រកួតដ៏សំខាន់មួយ ដែលជាជំនួបមិត្តភាពរវាងក្រុមជើងឯករងក្រូអាត បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិភាក្សាមួយកាលពីពេលកន្លងទៅនេះ។
តាមសារព័ត៌មាន TOI បានឲ្យដឹងថាសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា AIFF និងសហព័ន្ធកីឡាបាល់ទាត់ក្រូអាត HNS បានជជែកលើភាពដែលអាចទៅរួចក្នុងការបើកព្រឹត្តិការណ៍ប្រកួតមិត្តភាពនៅពេលខាងមុខ ជាមួយនឹងការចុះ MOU រវាងជាតិសាសន៍ទាំងពីរ។
អគ្គលេខាធិការ AIFF លោក Kushal Das បានមានប្រសាសន៍៖ “នេះជាការជួបប្រជុំជាលើកដំបូង ដែលវាពិតជាល្អមែនទែន ស្របពេលដែលក្រូអាតប្រមូលផ្តុំដោយថ្នាលយុវជនដែលកំពុងអភិវឌ្ឍនិងផលិតបាននូវកីឡាករមានគុណភាពជាច្រើន ហើយពួកគេបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ World Cup ថែមទៀត បែបនេះយើងកំពុងសិក្សាពីលទ្ធភាពដែលអាចប្រកួតមិត្តភាពរវាងប្រទេសទាំងពីរ ហើយកាលបរិច្ឆេទជាក់លាក់យើងនឹងលម្អិតនៅខែវិច្ឆិកាម្តងទៀត”។
បញ្ជាក់ថាក្រូអាតបានបរាជ័យនៅលទ្ធផល ៤-២ ទល់ជម្រើសជាតិបារាំងនៅវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី ដោយកីឡាករលេចធ្លោបំផុតរបស់ជាតិមួយនេះមានដូចជា Luka Modric, Dejan Lovren, Ivan Rakitic, Mateo Kovacic និង Ivan Perisic ជាដើម៕ ប្រភព៖ FoxSportAsia


