ហេតុផលធំ២ដែលទាក់ចិត្ត សឿយ វិសាល បោះឆ្នោតឲ្យ CR7 ជា FIFA Best Player of the year

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សឿយ វិសាល ប្រាប់ថា ការសម្រេចចិត្តជ្រើសរើស Cristiano Ronaldo ក្នុងកម្មវិធី FIFA’s Best Award 2019 កាលថ្ងៃចន្ទ ទី២៣ កញ្ញា ព្រោះចូលចិត្តការលេងរបស់កីឡាករឆ្នើមក្រុមជម្រើសជាតិព័រទុយហ្គាល់ និង Juventus រូបនេះ។

សមាជិកក្លិបព្រះខ័នរាជស្វាយរៀងដដែលបន្ថែមថា អតីតខ្សែបម្រើប្រយុទ្ធ Sporting Lisbon, Manchester United និង Real Madrid ជាអ្នកនាំលេងលើទីលាន ទាំងនៅក្លិប និងជម្រើសជាតិ ហើយភាពចាស់ទុំក្នុងក្រុមក៏ជាហេតុផលនៃការជ្រើសរើសនេះដែរ។

សឿយ វិសាល ពន្យល់ ៖”និយាយទៅ Ronaldo ជាអ្នកនាំលេងក្នុងក្រុម មិនថានៅក្លិប និងជម្រើសជាតិ ហើយគេជាកីឡាករដែលមានភាពចាស់ទុំ និងសម្បូរដោយបទពិសោធ អ៊ីចឹងហើយបានជាខ្ញុំសម្រេចចិត្តជ្រើសរើសយកគាត់ក្នុងការបោះឆ្នោតរបស់ខ្ញុំ”។

សម្រាប់អ្នកបន្ទាប់ដែលសឿយ វិសាលផ្ដល់សម្លេងឲ្យគឺ Lionel Messi របស់ FC Barcelona និងទី៣ ខ្សែការពារ Virgil van Dijk ពីក្លិប Liverpool។ ចំពោះលទ្ធផលជាផ្លូវការ គឺ Messi ជាអ្នកទទួលបានពានកីឡាករឆ្នើមជាងគេប្រចាំ FIFA ឆ្នាំ២០១៩។

អតីតកីឡាករអាស៊ីអឺរ៉ុបយូណាយធីត សឿយ វិសាល អះអាងថា សប្បាយចិត្តដែលទទួលបានសិទ្ធិបោះឆ្នោតក្នុងនាមជាប្រធានក្រុមជម្រើសជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT