នេះជាផ្លូវដ៏លំបាកមួយនៅវគ្គផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship សម្រាប់ជើងខ្លាំងមកពីអាមេរិក Demetrious Johnson ឬ «Mighty Mouse» ប៉ុន្តែ វីរបុរសអាមេរិករូបនេះនឹងធ្វើឲ្យឈ្មោះរបស់ខ្លួនល្បីរន្ទឺជាថ្មីម្ដងទៀត។ Johnson ដែលជាជើងឯកទម្ងន់ Flyweight World Champion ចំនួន១២សម័យកាលនឹងបង្កើតកេរ្តិ៍ឈ្មោះដោយកិត្តិយសពេលជួប អ្នកលេងគុនចម្រុះវ័យក្មេងហ្វីលីពីន Danny Kingad ឬ «The King» នៅសង្វៀន ONE: CENTURY PART I នាថ្ងៃអាទិត្យទី ១៣ តុលា នៅក្រុងតូក្យូ ប្រទេសជប៉ុនខាងមុខ។ Johnson ជើងខ្លាំងមកពីអាមេរិក ដែលបានហ្វឹកហាត់ឥតឈប់ឈររហូតដល់ពេលនេះនឹងបន្សល់ទុកស្នាដៃល្អនៅទីលាន Ryogoku Kokugikan នាទឹកដីជប៉ុន ក្នុងគោលដៅកាន់តំណែងខ្សែក្រវាត់ World Title ស្វាគមន៍ឆ្នាំ ២០២០។
«ខ្ញុំជឿជាក់ថាការប្រកួតនេះពិតជាសំខាន់ណាស់។ វាជាប្រកួតកម្រិតពិភពលោក Flyweight World Grand Prix Championship វគ្គផ្ដាច់ព្រ័ត្រ។ ក្រោយចប់ការប្រកួតខ្ញុំចង់ប្រមូលខ្សែក្រវាត់ដើម្បីបន្ថែមពីលើខ្សែក្រវាត់ដូចដែលខ្ញុំធ្វើបានល្អនៅ ONE Flyweight World Champion ទល់នឹង Adriano Moraes អីចឹងដែរ»។ បុរសវ័យ៣៣ឆ្នាំ ថ្លែងបែបនេះ។ Johnson បានរៀបរាប់ថា៖ «ខ្ញុំពិតជារំភើបណាស់ត្រូវប្រឈមនឹង Danny Kingad។ គេចាញ់តែម្ដងគត់ក្នុងអាជីពរបស់គេរហូតដល់ពេលនេះ ហើយចាញ់នោះ គឺ ចាញ់ Moraes។ Danny ពិតជាខ្លាំងណាស់។ តែឥឡូវនេះខ្ញុំត្រៀមរួចជាស្រេចហើយ ដើម្បីជួបកីឡាករល្អបំផុតម្នាក់នៅអាស៊ី»។
Johnson មិនងាយស្រួលប៉ុន្មានទេនៅសង្វៀន ONE Championship ពេលបង្ហាញខ្លួនលើកដំបូងកាលខែ មីនា នាវគ្គ ៨ នាក់ចុងក្រោយ។ «Mighty Mouse» ត្រូវរងការឈឺចាប់ពីសំណាក់កីឡាករជប៉ុន Yuya Wakamatsu មុនពេលរូបគេយកឈ្នះដោយសារក្បាច់ចូលឃ្លេ។ ៤ ខែកន្លះក្រោយមក Johnson បានយកឈ្នះ Tatsumitsu Wada ដែលជាមិត្តរួមជាតិរបស់ Yuya នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ អ្នកលេងគុនចម្រុះអាមេរិករំលឹកដូច្នេះថា ៖« World Grand Prix មានរឿងរ៉ាវជាច្រើនដែលត្រូវធ្វើ។ ខ្ញុំបានត្រៀមលក្ខណៈតាំងពីខែ មករា មកម៉្លេះ។ ខ្ញុំប្រកួតនៅខែ មីនា ហើយក៏បន្តហ្វឹកហាត់ទៀតដើម្បីប្រកួតនៅខែ សីហា។ ខ្ញុំរង់ចាំការប្រកួតផ្ដាច់ព្រ័ត្រ ហើយទោះចាញ់ ឬ ឈ្នះខ្ញុំពេញចិត្តចំពោះអ្វីដែលខ្ញុំបានធ្វើ»។
Johnson បានដាក់វិន័យតឹងរ៉ឹងខ្លួនឯងដើម្បីប្រកួតវគ្គផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship ព្រោះគូប្រកួតរបស់ខ្លួនមិនធម្មតាឡើយ។ Kingad ជាកីឡាករវ័យក្មេងដែល ស្រេកឃ្លាននឹងជ័យជម្នះមកពីក្លិប Team Lakay នាក្រុង Baguio ប្រទេសហ្វីលីពីន។ Kingad ទើបមានអាយុ ២៣ ឆ្នាំ ប៉ុន្តែគេធ្វើបានល្អដូចជាក្បាច់ចាប់ ក្បាច់សម្លាប់វូស៊ូ និង ធ្វើចលនាបានល្អណាស់។
កីឡាករហ្វីលីពីនរូបនេះមានកំណត់ត្រាគួរឲ្យសរសើរដោយឈ្នះ ១៤ និង ចាញ់ ១ លើកប៉ុណ្ណោះគិតត្រឹមពេលនេះ។ យ៉ាងណាក្ដី Johnson សង្កត់ធ្ងន់ថា៖«ការពិតណាស់ គ្រប់គ្នាសុទ្ធតែមានចំណុចខ្សោយ ។ បើស្វែងយល់ចំណុចខ្សោយបាន យើងនឹងមានប្រៀប។ នោះជាវិធីដែលយើងត្រូវតែធ្វើ»។
ជាមួយគ្នានោះ Johnson រំលឹកថា ៖«ខ្ញុំដឹងច្រើនអំពីក្លិប Team Lakay។ មិត្តរួមក្រុមរបស់ខ្ញុំ Bibiano Fernandes បានប្រកួតច្រើនដងទល់នឹងសមាជិកក្រុមនេះ តាំងពីរូបគេចូលប្រឡូកនៅសង្វៀន ONE។ ពួកគេជាកីឡាករល្អៗ ប៉ុន្តែ ក៏នៅមានចន្លោះប្រហោងដែរ។ ខ្ញុំមានបទពិសោធន៍ច្រើនជាង Kingad ហើយខ្ញុំបានប្រកួតជាមួយកីឡាករអស្ចារ្យជាច្រើនដែរ។ ការប្រកួតរបស់របស់ខ្ញុំល្អលើសពីល្អទៅទៀត។ ខ្ញុំជាកីឡាករខុសពី អ្វីដែល Kingad មាន។ ដូច្នេះយើងរង់ចាំមើលទាំងអស់គ្នា។ ខ្ញុំនឹងបង្ហាញឲ្យអ្នកគាំទ្របានឃើញរឿងល្អបំផុត»។

