Pep Guardiola សរសើរសមត្ថភាពរបស់ Mikel Arteta ដែលបានជួយលោកឱ្យជោគជ័យនៅក្លឹប Manchester City ហើយថែមទាំងជឿជាក់ថាអនាគតគេនឹងក្លាយជាអ្នកចាត់ការកំពូលម្នាក់។
Arteta ត្រូវបានឡើងជាជំនួយការផ្ទាល់របស់លោក Pep កាលពីរដូវកាលមុននេះ ហើយក៏បាននាំក្រុម Man City លើកពាន Premier League តែម្ដង។ បច្ចុប្បន្ននេះ អតីតកីឡាករ Everton កំពុងត្រូវបានគេចាត់ទុកថាជាបុរសលេចធ្លោក្នុងជួរគ្រូជំនួយនានាទៀតក្នុងវិស័យបាល់ទាត់។ ដោយរដូវកាលនេះ មានក្រុមជាច្រើនដូចជា Newcastle United ជាដើម បានទាក់ទងគេទៅដឹកនាំ ប៉ុន្តែសាមីខ្លួន Arteta ចង់បន្ដរៀនសូត្រពីលោក Pep ទៀតសិន។
អតីតអ្នកចាត់ការក្រុម Barcelona , Bayern Munich បានបន្ថែមទៀតថា៖ “ច្បាស់ណាស់ ថ្ងៃអនាគតគាត់នឹងក្លាយជាអ្នកដឹកនាំកំពូលម្នាក់។ គាត់ជាមនុស្សសំខាន់ក្នុងការដឹកនាំក្រុមរបស់ខ្ញុំនៅ Man City ។ គាត់នៅក្មេង ប៉ុន្តែការដឹកនាំរបស់គាត់ល្អ ជាមួយកីឡាករកំពូលៗ គាត់យល់ច្បាស់ពីក្បួននៃការដឹកនាំក្រុម។ ខ្ញុំគិតថាមិនយូរមិនឆាប់ គាត់នឹងចាប់ផ្ដើមការងារខ្លួនឯងផ្ទាល់”៕ប្រភព៖ Dailymail



