កីឡាករ R.Madrid ពីរ​រូប លែង​និយាយ​ចូល Zidane ​ក្រោយ​ចាញ់ PSG ៣-០

របាយការណ៍​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម​នៅ​ក្លឹប Real Madrid ពីរ​រូប​រួម​មាន Gareth Bale ​និង James Rodriguez ​បាន​លែង​និយាយ​ចូល​អ្នកចាត់ការ​លោក Zinedine Zidane ​ក្រោយ​ពី​ក្លឹប​បរាជ័យ​នៅ​លទ្ធផល ៣-០ យ៉ាង​ស្ពឹក​មុខ​នៅ​ឯ​ទីក្រុង​ប៉ារីស​កាល​ពី​ជំនួប​ជុំ​ដំបូង UCL។

តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​កីឡាករ​ទាំង​ពីរ​រូប​ដូច​បញ្ជាក់​ខាង​លើ ហាក់​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ដែល​មិន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​បង្ហាញ​ខ្លួន​ញឹកញាប់​នៅ​លើ​ទីលាន ជា​ពិសេស​តាំង​ពី​អំឡុង​ប្រកួត​ត្រៀម​បើក​រដូវ​កាល ហើយ​លើស​ពី​នេះ​អ្នកចាត់ការ​បារាំង​ថែម​ទាំង​ដាក់​ចិត្ត​ចង់​វ៉ៃ​ចេញ​កីឡាករ​សញ្ជាតិ​វែល [Gareth Bale] ទៀត​ផង។

ប្រភព​បន្ត​ថា​ដោយ​មើល​ឃើញ​ពី​ស្ថានការណ៍​ដ៏​សោះ​កក្រោះ​ទើប​លោក Florentino Perez ​បាន​ប្រញាប់​ចូល​ដោះស្រាយ ហើយ​ព្យាយាម​ជជែក​ទៅ​កាន់​កីឡាករ​ទាំង​ពីរ​រូប​ឲ្យ​បញ្ចប់​ដោយ​សន្តិវិធី​និង​ទទួល​បាន​ផល​ល្អ​ទាំង​សងខាង។

បញ្ជាក់​ថា​ក្រោយ​បិទ​ការ​ប្រកួត Zidane ក៏​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ដល់​កីឡាករ​របស់​ខ្លួន​ដែរ ត្បិត​មិន​បញ្ជាក់​ឈ្មោះ​តែ​លោក​និយាយ​ថា៖ “PSG គេ​ល្អ​ជាង​យើង​សឹង​គ្រប់​ផ្នែក​ទាំង​អស់ មិន​ថា​តែ​តំបន់​បម្រើ​អ្វី​នោះ​ទេ បែប​នេះ​វា​ពិត​ជា​លំបាក​ប្រសិន​យើង​ចាប់​ផ្តើម​ដោយ​គ្មាន​ភាព​រឹងមាំ​បែប​នេះ”៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT