ម្ចាស់​ក្លឹប​សូទីឡូ​អង្គរ ​ជួយ​ជប៉ុន ​ស្មើ​សេណេហ្គាល់​នៅ World Cup ​មាន​សង្ឃឹម​ឡើង​វគ្គ​បន្ដ

ខ្សែ​ប្រយុទ្ធ Keisuke Honda  ​ម្ចាស់​ក្លឹប​សូទីឡូ​អង្គរ​លេង​នៅ​លីគ​កំពូល​កម្ពុជា ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​យក​បាន​១​ពិន្ទុ​ពី​ក្រុម​សេណេហ្គាល់ ​ដើម្បី​ឡើង​ឈរ​កំពូល​តារាង​ក្នុង​ពូល H ​។

មួយ​គូ​នេះ​ពិត​ជា​ស្វិតស្វាញ​មែនទែន ​ដោយសារ​តែ​ក្រុម​ជប៉ុន​និង​សេណេហ្គាល់  មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា។ សេណេហ្គាល់ ​ធ្វើ​បាន​សម្រេច​គ្រាប់​បាល់​មុន​ដោយ​កីឡាករ Mane ​ត្រឹម​នាទី​១១​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ការ​នាំ​មុខ​នេះ​បាន​ត្រឹម​២០​នាទី​ទេ ​ពោល​គឺ​ជប៉ុន​តាម​បាន​ស្មើ​វិញ​ហើយ​ដោយ​កីឡាករ Inui ​នៅ​នាទី​៣៤។ ​ចូល​ដល់​តង់​ទី​២​វិញ ​Wague ​របស់​សេណេហ្គាល់ ​រក​បាន​១​គ្រាប់​នាំ​មុខ​ជា​ថ្មី​នៅ​នាទី​៧១ ​តែ​ការ​នាំ​មុខ​នេះ​ក៏​ដូច​លើក​មុន ​ត្រឹម​៧​នាទី​បន្ទាប់ Honda ​រក​បាន​គ្រាប់​បាល់​តាម​បាន​ស្មើ​ជា​ថ្មី។ ចប់​ការ​ប្រកួត ជប៉ុន ២-២ សេណេហ្គាល់។

លទ្ធផល​ស្មើ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ជប៉ុន​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល H ​នេះ​តែ​ម្ដង ​ឆ្លង​កាត់​២​ប្រកួត​ឈ្នះ​១​ស្មើ​១ មាន​៤​ពិន្ទុ។ យ៉ាងណាមិញ ​ការ​ឈរ​កំពូល​តារាង​នេះ នៅ​មិន​ទាន់​ធានា​បាន​កៅអី​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នោះ​ទេ ​ដោយ​ត្រូវ​រង់​ចាំ​មើល​ប្រកួត​ចុង​ក្រោយ​សិន ​ប៉ះ​ជាមួយ​ក្រុម​ប៉ូឡូញ ​ប្រសិន​បើ​ជប៉ុន​ឈ្នះ​ឬ​ស្មើ ​នោះ​ពួកគេ​នឹង​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ៕ប្រភព៖ DailyMail

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT