Surat Thani នៅតែបន្តបរាជ័យនិងធ្លាក់ទៅលេខរៀងទី ១០ក្នុងលីគលំដាប់ទីបីថៃ

និយាយអំពីក្រុមបាល់ទាត់ដែលស្ថិតនៅលីគលំដាប់ទីបី ដែលមានវត្តមានកីឡាករកម្ពុជាជ្រកកោននៅនោះ Surat Thani បានកំពុងនឹងជួបទុក្ខ ពោលគឺក្រោយពីចាញ់បីប្រកួតជាប់ៗគ្នា បណ្តាលឲ្យធ្លាក់ទៅដល់លេខរៀងទី ១០ ក្នុងលីគនៃប្រទេសថៃ ។

ឃួន ឡាបូរ៉ាវី ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់បឹងកេត បានធ្វើការបង្ហាញខ្លួន ៣ប្រកួតចុងក្រោយនេះឲ្យក្លិប ក្រោយពីព្រមព្រៀងទៅលេងឲ្យ Surat Thani រយៈពេល កន្លះរដូវកាល ។ បើទោះបីជាជាប់ជម្រើស ១១នាក់ដំបូងក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ នៅពុំទាន់អាចមានលទ្ធភាពស៊ុតចូលទី ឬជួយក្រុមឲ្យឈ្នះបានឡើយ ។

លទ្ធផលការប្រកួតម្សិលមិញនេះ Surat Thani ចាញ់ Phuket City ២-១ ។ យ៉ាងណាក៏ដោយលទ្ធផលពុំល្អនេះក៏ព្រោះតែក្នុងបីប្រកួតចុងក្រោយ ពួកគេប្រកួតប៉ះសុទ្ធតែក្រុមខ្លាំងនៅក្នុងតំបន់ Top 4 ។

នៅសល់ ១០ប្រកួតទៀតការប្រកួតក្របខ័ណ្ឌលីគទីបីរបស់ថៃ នឹងបញ្ចប់រដូវកាល ២០១៨នេះ ចាំមើលថាតើ កីឡាករវ័យចាស់របស់កម្ពុជា ឃួន ឡាបូរ៉ាវី អាចបង្ហាញសមត្ថភាពរកគ្រាប់បាល់ឲ្យក្រុមថ្មីរបស់ខ្លួនក្នុងដំណើរជីវិតបាល់ទាត់ក្រៅប្រទេសជាលើកដំបូងបានដែរឬទេ ។

Surat Thani នឹងត្រូវបន្តជួបក្រុម Simork FC ក្នុងសប្តាហ៍ទី ១៧ នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT