គ្រូ​បង្វឹក​ ហង្ស ស៊ឺន ៖«ឡៅ ចិត្រា ​មាន​ភាគ​​រយ​ច្រើន​​ឈ្នះ​ខ្សែ​ក្រវាត់​ ​​ហើយ​​ត្រៀម​ឲ្យ​ល្អ​​នៅ​ស៊ីហ្គេម»

​ជើង​ខ្លាំង​ ឡៅ ចិត្រា​ ​​​មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​ពិសេស​៩១១​ មាន​ភាគរយ​ខ្ពស់​​​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​​​ ប្រដាល់​អធិរាជ​គុនខ្មែរ ISI PALM របស់​ PNN​​​បន្ទាប់​ពី​​​ផ្ដួល​ ឡុង ជិន ​ត្រឹម​១​នាទី​ប៉ុណ្ណោះ​នា​ដើម​ទឹក​ទី១ ​នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​កាល​ថ្ងៃ​​អាទិត្យ​ ហើយ​ ​បន្ទាប់​​ពី​ភ្ជុំ​បិណ្ឌ​រួចរាល់​ ឡៅ ចិត្រា​ ត្រូវ​បុក​ហ្វឹកហាត់​​​​ត្រៀម​ខ្សែ​ក្រវាត់​ផ​ង​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ផង​​ និង​ ​រៀប​ចំ​ខ្លួន​ទៅ​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​ផង។ ​នេះ​ជា​ការ​បង្ហើប​ឲ្យ​ពី​គ្រូ​បង្វឹក​ ហង្ស ស៊ឺន។​

​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​ ​ប្រដាល់​អធិរាជ​គុនខ្មែរ ISI PALM ​​​នឹង​​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ១៣​ តុលា​ ខាង​មុខ ​ស្រប​ពេល​ ឡៅ ចិត្រា​ ​​កំពង់​រង់​ចាំ​​អ្នក​ឈ្នះ​​រវាង​ លន បញ្ញា ​និង សុខ សាវិន​​ដែល​​ត្រូវ​ប្រកួត​នា​​ថ្ងៃ​ទី​ ២២ ខែ ​កញ្ញា​ ចុង​សប្ដាហ៍​នេះ។ ​ ប្រាក់​រង្វាន់​​​លេខ​១​ម្ចាស់​​ខ្សែ​ក្រវាត់​​នេះ​ មាន​តម្លៃ​ ៤០ ​លាន​រៀល​ ស្មើ​​នឹង​ ១ ​ម៉ឺន​ដុល្លារ​​អាមេរិក។​

គ្រូ​បង្វឹក​ ហង្ស ស៊ឺន​ ​បាន​គូស​បញ្ជាក់​ថា«​ជា​ទម្លាប់​របស់​ខ្ញុំ​មិន​ហ៊ាន​មើល​​ងាយ​គូ​ប្រកួត​របស់​កូន​សិស្ស​ទេ ​ព្រោះ​ពួក​គេ​ក៏​បាន​ហ្វឹកហាត់​​​ត្រៀម​បាន​ល្អ​ដូច​គ្នា។ ​​ចិត្រា​ អាច​ជួប​អ្នក​ណា​ក៏​បាន​ រវាង លន ​​បញ្ញា​ និង​ សុខ សាវិន។ ប៉ុន្តែ​អ្វី​ខ្ញុំ​អាច​និយាយ​បាន​ គឺ ​៨០%​ ​ដែល​ ចិត្រា​ អាច​នឹង​ឈ្នះ​បើ​សិន​ គេ​ [ចិត្រា] ​ហាត់​​ឲ្យ​កាន់​តែ​ល្អ។​ ​​យើង​ហ្វឹកហាត់​​​ដើម្បី​ប្រកួត​ ​ប៉ុន្តែ​​កុំ​មាន​អំនួត​ពេក​ទោះ​ជា​យើង​មាន​ប្រៀប​ក៏​ដោយ។ ​ខ្ញុំ​តែង​តែ​សរសើរ​​​​​​គេ​ដើម្បី​​ឲ្យ​កូន​សិស្ស​​របស់​ខំ​ប្រឹង​ ហើយ​មិន​ចង់​ឃើញ​កូន​សិស្ស​បូស​ក្លៀក​ និង ​អួត​អាង​ឡើយ»

កីឡាករ​វ័យ​​២១​ឆ្នាំ​​​ ឡៅ ចិត្រា​ ​ឈ្នះ​​​​មេដាយ​សំរឹទ្ធ ​​កាល​ស៊ីហ្គេម​​ឆ្នាំ​ ២០១៧​ ក្រោយ​ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​ Ain Bin Kamaprudin ដោយ​ពិន្ទុ។ ​គ្រា​នោះ​ពិន្ទុ​​របស់ ចិត្រា និង​ Ain Bin គឺ​ប្រដំប្រសងគ្នា ​ហើយ​ ចិត្រា ​ដើរ​ចូល​វាយ​រហូត។ ​យ៉ាង​ណា​ក្ដី ចិត្រា ​​​បាន​បំភ្លេច​លទ្ធផល​នេះ​ចោល​ដើម្បី​​ស្ដារ​មុខមាត់​​ឡើង​វិញ​សម្រាប់​ស៊ីហ្គេម​​ចុង​ឆ្នាំ​នេះ​នៅ​ហ្វីលីពីន​ដែល​ចាប់​ផ្ដើម​នា​ខែ វិច្ឆិកា ខាង​មុខ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT