​ហេតុ​ផល​​២​ចំណុច​​ដែល​ នៅ ស្រីពៅ អាច​ជោគជ័យ​នៅ​ស៊ីហ្គេម​​ បន្ទាប់​ពី​ហ្វឹកហាត់​នៅ​ជប៉ុន​

កីឡាការិនី​គុន​ខ្មែរ​ នៅ ស្រីពៅ​ ​អាច​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ស៊ីហ្គេម​​​លើក​ទី​៣០ ​នា​​ចុង​ឆ្នាំ​ ២០១៩ ​នេះ​​នៅ​ហ្វីលីពីន​ បន្ទាប់​​ពី​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​​ជា​មួយ​​មិត្ត​រួម​ក្រុម​ វី ស្រីខួច និង ​ម្ចាស់​មេដាយ​​សំរឹទ្ធ​ស៊ីហ្គេម​​២០១៧​ ណាត សៀកនិន​ (ពេជ្រ​ ​ម្ទេស​ខ្មាំង)។ ​កាល​​​សប្ដាហ៍​មុន​​ នៅ ស្រីពៅ​ ​បាន​ចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​​នៅ​ជប៉ុន​ ​ដែល​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​ប្រដាល់​សកល​​ជម្រើស​ជាតិ​​​ វ៉ែន សុផល ​​ដោយ​សហការ​ពី​ភាគី​ជប៉ុន​​ពេល​បោះ​ជំរំ​នៅ​ជប៉ុន​ រហូត​ដល់​ថ្ងៃ​ទី​ ២៧ ខែ ​វិច្ឆិកា​ មុន​​ចេញ​ដំណើរ​ទៅ​ប្រកួត​​ជា​​ផ្លូវ​ការ​តំណាង​ឲ្យ​ជាតិ។​ មាន​ហេតុ​​ផល​២​ចំណុច​ ដែល​ នៅ ស្រីពៅ​ អាច​​នឹង​ទទួល​បាន​ជោគ​ជ័យ​ជូន​ជាតិ​មាតុ​ភូមិ​ និង បង្កើត​កំណត់​ត្រា​ថ្មី​សម្រាប់​កីឡាការិនី​ប្រដាល់​សកល។​

ការ​តាំង​ចិត្ត៖
ដ្បិត​ចាប់​អាជីព​ដំបូង​ជា​កីឡាការិនី​គុន​ខ្មែរ​​នៅ​ក្លិប​តាលី​ដំរី​មាន​ឫទ្ធិ​ ប៉ុន្តែ​ ស្រីពៅ​ បាន​វិវឌ្ឍ​ខ្លួន​​​ទៅ​ជា​កីឡាការិនី​ប្រដាល់​សកល​​គួរ​ឲ្យ​កត់​សម្គាល់​ ​តាម​រយៈ​ការ​តាំង​ចិត្ត​ខ្ពស់។ ​ស្រីពៅ​ ​តែង​តែ​បង្កើត​ក្ដី​ស្រមៃ​ ដើម្បី​ដណ្ដើម​មេដាយ​​នៅ​ស៊ីហ្គេម​ជូន​អ្នក​គាំទ្រ​នៅ​កម្ពុជា។​ ​​ថ្លែង​ពី​ប្រទេស​ជប៉ុន​តាម​រយៈ​បណ្ដាញ​សង្គម​ ​កីឡាការិនី​ ​នៅ ស្រីពៅ ​បង្ហើប​ថា៖«​ខ្ញុំ​ទទួល​បាន​ការ​ហ្វឹកហាត់​ល្អ​​ប្រសើរ​ឡើង​ជា​ពិសេស​បច្ចេកទេស​ ហើយ​លោក​គ្រូ​ វ៉ែន សុផល ​ក៏​​ចូល​រួម​បង្ហាត់​​បន្ថែម​គ្រូ​បង្វឹក​នៅ​ជប៉ុន​ដែរ។ ​​​​ក្នុង​នោះ​គ្រូ​បង្វឹក​ជប៉ុន​​គាត់​បង្ហាត់​បច្ចេកទេស​​​ល្អ​ណាស់​ ​​ការ​វ៉ៃ​ចេញ​ការ​​គេច​ឲ្យ​​រហ័ស​ និង បម្លាស់​ទី​។ ​​​​​គ្រូ​គាត់​ផ្ដោត​លើ​ចំណុច​ខ្វះខាត​របស់​យើង ​ ​​​បង្ហាត់​ល្បឿន​វ៉ៃ​ចេញ​ចូល​ និង ​ញាក់​ឆ្វេង​ស្ដាំ​​ជា​ដើម។ ​លំហាត់​ទាំង​នេះ​គឺ ល្អ​តែ​ម្ដង»។ ​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​​មាន​ពីរ​វេន​ ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង​ ៧ ​ដល់​ម៉ោង​ ១០​ ហើយ​ ​ល្ងាច​ពី​ម៉ោង​ ៥ ដល់​ម៉ោង​ ៨ យប់។​ ​​តាម​រយៈ​ការ​ត្រៀម​ខ្លួន​ធ្វើ​ឲ្យ​ ស្រី​ពៅ ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​​ប្រភេទ​ទម្ងន់​​​ស្រាល​ ៥៣ ឬ ៥៤ របស់​ខ្លួន​ នៅ​ស៊ីហ្គេម។​

បទ​ពិសោធន៍​​​ធ្លាប់​ប្រកួត​នៅ​ស៊ីហ្គេម​និង​ឆាក​អន្តរជាតិ៖

មិន​ត្រឹម​តែ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ក្នុង​ស្រុក​ ​កីឡាការិនី​ វ័យ​ ២៤​ ឆ្នាំ​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​នៅ​ ​សង្វៀន​លំដាប់​អន្តរជាតិ​ មីយ៉ាន់ម៉ា ​ដោយ​ឈ្នះ​ ​២ លើក​ជាប់​គ្នា​កាល​ចុង​ឆ្នាំ ២០១៨ និង ​ជាប់​ឈ្មោះ​ជា​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ទៀត​ផង។ ​ជា​មួយ​គ្នា​នោះ​ក៏​មាន​បទ​ពិសោធន៍​ទៅ​ប្រកួត​លើ​សង្វៀន​កម្រិត​ភព​លោក​​ ONE ​ពីរ​លើក​កន្លង​ទៅ​ដែរ​ ដែល​​ទទួល​បាន​លទ្ធផល​ ឈ្នះ ១ និង​ ចាញ់១​លើក។ ស្រីពៅ​ ឈ្នះ ​កីឡាការិនី​មីយ៉ាន់ម៉ា ​Shwe Sin Min ​២​ដង​​នៅ​សង្វៀន​ប្រទេស​មីយ៉ាន់ម៉ា​ ​និង​ ឈ្នះ​ កីឡាការិនី​ថៃ​ Rika Ishige ​​ប៉ុន្តែ ចាញ់​ពិន្ទុ​កីឡាការិនី​​ឥណ្ឌូណេស៊ី​ Priscilla Hertati Lumban Gaol​ កាល​ខែ​ឧសភា​ ​នៅ​សង្វៀន​ ONE Championship។ ​នេះ​ជា​បទ​ពិសោធន៍​ល្អ​ដែល​ធ្វើ​ឲ្យ​ ​ស្រីពៅ​ ​មិន​ចាញ់​ច្រាប​រេញ​នៅ​ស៊ីហ្គេម ​និង កសាង​ទំនុក​ចិត្ត​បាន​ល្អ​មុន​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​មក​ដល់។ ​ នៅ​ ស្រីពៅ​ ​ធ្លាប់​លើក​ឡើង​ថា​ ៖«​​ឆ្នាំ​នេះ​ជា​លើក​ទី១​ ខ្ញុំ​ទៅ​ចូល​រួម​នៅ​ស៊ីហ្គេម។ ​ហើយ​ការ​ចេញ​​​ទៅ​ហាត់​នៅ​ជប៉ុន​នេះ​ គឺ ដើម្បី​បង្កើន​បច្ចេកទេស​​ និង​ ​​​​នាំ​យក​លទ្ធផល​​ល្អ​ជូន​​អ្នក​គាំទ្រ​​និង ​ជាតិ​វិញ។ ​ខ្ញុំ​រំភើប​​ចិត្ត​​ណាស់ ​ដែល​​ខ្ញុំ​មាន​​ឱកាស​ទៅ​ហ្វឹកហាត់​ក្រៅ​ប្រទេស​ដើម្បី​ត្រៀម​ស៊ីហ្គេម។​ ខ្ញុំ​នឹង​ទទួល​បាន​បទ​ពិសោធន៍​​ច្រើន​អំពី​ការ​ហ្វឹកហាត់​​នេះ​»។

https://www.onefc.com/videos/nou-srey-pov-vs-rika-ishige-3/

​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣០ ​ដែល​រៀប​ចំ​នៅ​​ហ្វីលីពីន​ ​នឹង​ចាប់​ផ្ដើម​​​នៅ​ថ្ងៃ​ទី​ ៣០ ​ខែ​ វិច្ឆិកា​ ​រហូត​ដល់​​ថ្ងៃ​ទី​ ១១ ខែ ធ្នូ​ ឆ្នាំ​ ២០១៩។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT