អ្នកចាំទី Ter Stegen បានជួយសង្គ្រោះបាល់ប៉េណាល់ទី១គ្រាប់ឱ្យក្រុម Barcelona ក្នុងការប្រកួតជាមួយក្រុម Dortmund កាលពីយប់មិញនេះ ពានរង្វាន់ UEFA Champions League ។
ក្រុមម្ចាស់ផ្ទះ Dortmund មានឱកាសឈ្នះទៅហើយ ដោយបានបាល់ប៉េណាល់ទី១គ្រាប់នៅនាទី៥៧ ប៉ុន្តែ Reus ធ្វើមិនបានសម្រេច ដោយអ្នកចាំទី Stegen អាចជួយសង្គ្រោះបាល់នោះបាន។ ក្រោយពីមិនអាចរក១គ្រាប់នេះបាន លទ្ធផលនៃការប្រកួតរវាងក្រុមទាំងពីរបានបញ្ចប់ទៅត្រឹម ០-០ ប៉ុណ្ណោះ។
ចប់ការប្រកួត អ្នកចាំទីជួយក្រុមអ្នកមានបុណ្យបាន១ពិន្ទុនៅទឹកដីអាល្លឺម៉ង់បាននិយាយថា៖ “យើងពិបាករៀបចំក្រុមដើម្បីមកប្រកួតនៅទីនេះ ពួកគេជាក្រុមខ្លាំងក្នុងដី។ ខ្ញុំសប្បាយចិត្តជាមួយលទ្ធផល១ពិន្ទុនេះ។ រឿងប៉េណាល់ទី? វាពិបាកស្មាន ព្រោះ Reus តែងតែស៊ុតប្ដូរមុំរហូតនៅជម្រើសជាតិ ប៉ុន្តែក្នុងប្រកួតនេះ ខ្ញុំមានអារម្មណ៍ថានឹងអាចសង្គ្រោះបាល់ប៉េណាល់ទីបានតាំងពីមុនប្រកួតម្ល៉េះ”៕ប្រភព៖ Dailymail