Xiong Jing ចង់ឈ្នះ​ខ្សែ​ក្រវាត់​​ពិភពលោក២គ្រឿងដំបូងគេនៅ ONE

កីឡាការិនី​ Xiong Jing Nan ​ឬ ​ហៅ​ថា​ «The Panda» ​​ប្រឈម​មុន​នឹង​គូ​ប្រកួត​ខ្លាំង​ក្នុង​អាជីព​របស់​ខ្លួន​នៅ​សង្វៀន​  ONE: CENTURY នា​ថ្ងៃ​ទី​ ១៣ ខែ តុលា ខាង​មុខ​នៅ​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។ ​កីឡាការិនី​ជើង​ខ្លាំង​​​​ចិន​ នឹង​ជួប​​នារី​កំណាច​ Angela Lee  ឬ គេ​ឲ្យ​រហស្សនាម​ថា «Unstoppable» ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Women’s Atomweight World Title និង​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​កីឡាការិនី​គុន​ចម្រុះ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ​​នេះ​​ជា​ឱកាស​ដែល​ «The Panda» ​អាច​នឹង​​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​​​ស្វែង​រក​​ខ្សែ​ក្រវាត់​ទី​២​នៅ​​​សង្វៀន​លំដាប់​ពិភព​លោក ​​​បន្ទាប់​ពី​​រូប​គេ​​បាន​ឈ្នះ​​ការ​ប្រកួត​ចុង​ក្រោយ​​​​​កាល​ប្រកួត​នា​ចុង​ខែ​ មីនា ​កន្លង​ទៅ​​នៅ​សង្វៀន ONE : NEW ERA។

Xiong Jing Nan ​​ថ្លែង​មុន​ប្រកួត​ថា​ ៖«​ខ្ញុំ​​តប់​ប្រមល់​ណាស់ ហើយ​គិត​​លើស​កម្រិត​ទៀត​ផង។ ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​​មនុស្ស​ដែល​គាំទ្រ និង​ ស្រលាញ់ ​ខ្ញុំ​ខក​ចិត្ត​នោះ​ទេ។ ​វា​មាន​សម្ពាធ​ច្រើន​ណាស់។ ​រឿង​សំខាន់​នោះ​ គឺ​ត្រូវ​​​តែ​​លើក​ទឹក​​​ដើម្បី​​ទទួល​ជ័យជម្នះ»។ ​កីឡាការិនី​​វ័យ​ ៣០ ​ឆ្នាំ​រូប​នេះ​​មាន​ភាព​តាន​តឹង​​ដោយ​សារ​គិត​ច្រើន​ ហើយ​ពេល​ខ្លះ​​​​ជះ​ឥទ្ធិពល​ដល់​ការ​​ហ្វឹកហាត់​ទៀត​ផង។ ​កីឡាការិនី​​ដែល​មាន​​ស្រុក​​កំណើត​មក​ពី​ខេត្ត​​ Shandong ​បន្ត​ជម្នះ​​​ភាព​ស្មុគស្មាញ​​និង​តប់​ប្រមល់​ដើម្បី​ស្ដារ​​​ទំនុក​ចិត្ត​ដល់​ការ​ហ្វឹកហាត់។

Xiong Jing បញ្ជាក់​ថា៖«​​ទម្លាប់​ល្អ​មួយ​គឺ​ ខ្ញុំ​​ត្រូវ​ផ្លាស់​ប្ដូរ​​ភាព​តឹង​អារម្មណ៍​ទៅ​ជា​ការ​ខំ​ប្រឹងប្រែង​ទៅ​វិញ។ ​ខ្ញុំ​​អាច​និយាយ​​​រឿង​​ដែល​អាច​លើក​​​ទឹក​ចិត្ត​ខ្លួន​ឯង។ ខ្ញុំ​និយាយ​​នៅ​មុខ​កញ្ចក់​ ​ថា​​អាច​ធ្វើ​បាន​ ឬ អត់។ បើ​​ខ្ញុំ​ធ្វើ​មិន​បាន​ទេ ខ្ញុំ​ទៅ​ស្លាប់​ល្អ​ជាង»។

កីឡាការិនី​ចិន​សង្កត់​ធ្ងន់​ទៀត​ថា៖«​​ខ្ញុំ​និយាយ​​មក​កាន់​ខ្លួន​ឯង​ពាក្យ​អាក្រក់​ៗ​នៅ​មុខ​កញ្ចក់។ វា​ជា​ការ​​ជំរុញ​​ទឹក​ចិត្ត​មួយ ​ពេល​ខ្ញុំ​​​អស់​កម្លាំង​ និង​ មាន​អារម្មណ៍​ខ្ជិល​ច្រអូស។ ​ពេល​នរណា​ម្នាក់​និយាយ​ពាក្យ​​បែប​នេះ​មក​​ចំ​កណ្ដាល​មុខ​របស់​ខ្ញុំ ​ខ្ញុំ​ច្បាស់​ជា​ភ្ញាក់​ខ្លួន​ហើយ​បន្ត​ធ្វើ​​ការងារ​​ទៀត។ ​ប៉ុន្តែ ​​ខ្ញុំ​​ត្រូវ​​តែ​​និយាយ​​ខ្លួន​ឯង។ ខ្ញុំ​តែង​តែ​រំលឹក​និង​ប្រាប់​ខ្លួន​​ឯង​ជា​រឿយៗ»។

កូន​សិស្ស​មក​ពី​ក្លិប​ Bali MMA ​​រៀបរាប់​បន្ត​ថា ​ពេល​ខ្លះ​អាន​សៀវភៅ​​, ការ​​កត់​ត្រា​គំនិត​អវិជ្ជមាន​ដើម្បី​លុប​បំបាត់​, ​ ​ការ​ស្ដាប់​​​ចម្រៀង ​និង​ការ​គូរ​រូប​លេង​ក៏​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​ដែរ។ ​ទោះ​ជា​យ៉ាង​​ណា​ក្ដី​ The Panda ​មិន​ទាន់​ចាញ់ Lee ​ទាល់​តែ​​សោះ​ក្នុង​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ។ ប៉ុន្តែ​ពេល​នេះ​​នៅ​សង្វៀន​ ONE: CENTURY ​គឺ​ជា​​ការ​ប្រកួត​ដ៏​តាន​តឹង​​បំផុត​ ​ព្រោះ​ Xiong ​នឹង​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់ ​​ហើយ​កីឡាការិនី​រូប​នេះ​មាន​សម្ពាធ​យ៉ាង​ខ្លាំង។ ​​​​​វីរនារី​​មក​​ពី​ចិន​​សង្ឃឹម​ថា​​នឹង​ទទួល​​បាន​ល្អ​លទ្ធផល​​ដូច​ក្នុង​ជំនួប​លើក​ដំបូង។

បែប​ណា​ក្ដី​ The Panda ​នៅ​តែ​អះអាង​​ថា​ ​រូប​គេ​នឹង​ប្រើ​ភាព​​គិត​អវិជ្ជមាន​ និង ​អារម្មណ៍​​​សម្ពាធ​​មុន​ការ​ប្រកួត​ទៅ​ជា​ការ​ខិត​ខំ​ប្រឹង​​ប្រែង​​ដើម្បី​ទទួល​ជ័យជម្នះ​ត្រលប់​មក​វិញ។ «​​​ខ្ញុំ​មាន​​​សុបិន​មួយ​ និង​ ​​បន្ត​​​អភិវឌ្ឍ​ខ្លួន​​ឲ្យ​កាន់​តែ​ល្អ។ ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង។ ​ខ្ញុំ​​​នឹង​ល្អ​ឡើងៗ​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត»។ ​Xiong តាំង​ចិត្ត​បែប​នេះ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT