ក្លិបបាល់ទាត់វេស្ទើនភ្នំពេញដែលធ្លាប់ជាក្រុមមានកម្រិតល្អបង្គួរមួយកាលពីរដូវកាល ២០១៧ បច្ចុប្បន្នបានប្រែប្រួលយ៉ាងខ្លាំង ដោយក្នុងរយៈពេលពាក់កណ្តាលនៃរដូវកាល ២០១៨នេះ ពុំទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ពោលគឺ បរាជ័យ ១១ប្រកួតតែម្តង ។
បើធ្វើការប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងរដូវកាលចាស់ ស្ថិតិនេះគឺពិតជាកំណត់ត្រាដ៏អាក្រក់បំផុតរបស់ក្លិប។
ស្ថិតិពាក់កណ្តាលរដូវកាល ២០១៧ ប្រកួត១១លើក ឈ្នះ ៣ស្មើ ៣ និងចាញ់ ៥ប្រកួត ស៊ុតចូលទីគូប្រកួតបាន ១៥គ្រាប់ និងរបូតវិញ ១៩គ្រាប់ ។
គ្រានោះ វេស្ទើនភ្នំពេញ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក License B ( AFC ) លោក ស៊ុម វណ្ណា ដែលបានយកឈ្នះភ្នំពេញក្រោន ៣-១ ឈ្នះក្រសួងការពារជាតិ ២-១ និងស្មើជាមួយបឹងកេត ៣-៣ ស្មើជាមួយណាហ្គាវើល ១-១ ទៀតផង ។
ផ្ទុយទៅវិញ ក្នុងពាក់កណ្តាលរដូវកាលនេះវិញ មិនថាក្រុមដែលទើបតែឡើងមក ក៏មានលទ្ធភាពយកជ័យជម្នះពីវេស្ទើនបានយ៉ាងងាយដែរ ពោលគឺពួកគេអាចស៊ុតចូលទីគូប្រកួតបានតែ ៣គ្រាប់ប៉ុណ្ណោះ ខណៈរបូតវិញដល់ទៅ ៤៣គ្រាប់ ។
បរាជ័យដ៏អាក្រក់បំផុតរបស់វេស្ទើនភ្នំពេញគឺ ចាញ់ណាហ្គាវើល ១០-១ កាលពីសប្តាហ៍ទី ១០កន្លងទៅ ។
លទ្ធផលទាំងនេះ បានបង្ហាញនូវការប៉ាន់ស្មានជាបឋមថា វេស្ទើនគឺជាបេក្ខភាពដំបូងគេដែលបាកក់កៅអីទៅលេងលីគទីពីរ នៅរដូវកាលក្រោយមុនគេ ។
សូមបញ្ជាក់ថាក្រោយលីគត្រឡប់ចូលមកវិញ វេស្ទើន នឹងត្រូវជួបជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលធ្លាប់បំបាក់ពួកគេ ៦-០ កាលពីដើមរដូវកាល