Jordan Henderson ប្រធានក្រុម Liverpool បាននិយាយថាចង់ឈ្នះពានរង្វាន់ UEFA Champions League ទៀតនៅឆ្នាំនេះ ព្រោះសមាជិកក្រុមកំពុងចង់បង្កើតប្រវត្តិសាស្ត្រថ្មី។
នៅរាត្រីនេះ ក្រុម Liverpool នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះ Napoli ក្នុងវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League ។ នេះជាការជួបគ្នាឆ្នាំទី២ហើយ សម្រាប់ក្រុមទាំងពីរ ដោយឆ្នាំមុនក្នុងវគ្គនេះ ពួកគេក៏នៅពូលជាមួយគ្នាផងដែរ។ ដោយគ្រានោះនៅទឹកដីអ៊ីតាលី ក្រុមហង្សក្រហមចាញ់ក្នុងលទ្ធផល ១-០។
សម្រាប់ឆ្នាំនេះវិញ Henderson បាននិយាយក្នុងសន្នីសីទកាសែតថា៖ “ឆ្នាំមុនយើងមកទីនេះលេងមិនល្អនោះទេ។ ខ្ញុំនៅចាំគ្រានោះ អ្វីដែលជាកំហុសឆ្គងរបស់យើង។ ហើយខ្ញុំគិតលើកនេះ វានឹងមិនកើតឡើងម្ដងទៀតឡើយ។ សង្ឃឹមថានៅរាត្រីនេះ លទ្ធផលនឹងប្រែប្រួលខុសពីឆ្នាំមុន។ នៅឆ្នាំនេះ ក្រុមរបស់យើងចង់ការពារតំណែងជើងឯកពានរង្វាន់នេះឱ្យបាន”៕ប្រភព៖ Dailymail