ផាត សូដា ​ក្រាញ​ននៀល​​ក្រាស់ក្រែល​​ក្នុង​ពិភព​គុន​ចម្រុះ​ មុន​​ក្លាយ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​​ប្រដាល់​មួយ

ផាត​ សូដា ​ជា​អតីត​អ្នក​លេង​គុន​​ចម្រុះ​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា​ដែល​​ហ្វឹកហាត់​នៅ​ក្លិប Cambodian Top Team ហើយ​រូប​គេ​ធ្លាប់​បង្ហាញ​ខ្លួន​នៅ សង្វៀន ONE Championship ​ចំនួន​៣​ដង​ ​មុន​ក្លាយ​ជា​​គ្រូ​បង្វឹក​នៅ​ក្លិប​ប្រដាល់​ ​គោ​ព្រៃ​ ​នៅ​ម្ដុំ​​ភ្នំ​ប្រសិទ្ធ​ នា​ពេល​បច្ចុប្បន្ន។ សូដា ​​ផ្អាក​ឡើង​សង្វៀន​​អន្តរជាតិ​តាំង​ពី​ប្រកួត​ចាញ់​ កីឡាករ​​ឥណ្ឌូណេស៊ី​ Elipitua Siregar នៅ​សង្វៀន​ ONE កាល​​ខែ​ ​កញ្ញា​ ឆ្នាំ​មុន​ គ្រា​ដែល​​ឳ​ពុក​ក្មេក​ឈឺ​ធ្ងន់​ ​ពេល​កម្មវិធី​​រៀប​ចំ​នៅ​ប្រទេស​ចិន។ ចំណែក ​សង្វៀន​ក្នុង​ស្រុក ​រូប​គេ​ផ្អាក​ជិត​ ២ ​ឆ្នាំ​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​គុន​ខ្មែរ។​ ​យ៉ាង​ណា​​ក្ដី​ រូប​គេ​បាន​​បង្កើត​កេរ្តិ៍​​ឈ្មោះ​​គួរ​ឲ្យ​កត់​សម្គាល់​​នៅ​ក្នុង​ស្រុក​ ​និង​ ទទួល​បាន​ការ​​អញ្ជើញ​​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​​លើ​សង្វៀន​ ONE ចំនួន ៣ ដង។ ​តាំង​ពី​​ប្រឡូក​​ក្នុង​ការ​ប្រកួត​​​ក្បាច់​គុន​ចម្រុះ​​នា​​ឆ្នាំ​ ២០១២ ​មក​ ផាត​ សូដា​ ​​មិន​ដែល​ចាញ់​ទេ​​​នៅ​សង្វៀន​ក្នុង​ស្រុក​ ប៉ុន្តែ​ស្មើ​ម្ដង។

​ផាត សូដា ​បាន​ឲ្យ​ដឹង​ថា ៖«​តាម​ពិត​​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​ចង់​ឲ្យ​ខ្ញុំ​ទៅ​ហ្វឹកហាត់​ដែរ​ ដើម្បី​ចាប់​គូ​វ៉ៃ ប៉ុន្តែ​​ខ្ញុំ​មិន​អាច​ទៅ​បាន​ ព្រោះ​មាន​គ្រួសារ​​ក្នុង​បន្ទុក​ មាន​កូន…​ ដែល​ត្រូវ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។ ​ប៉ុន្តែ​ពេល​នេះ ខ្ញុំ​​ធ្វើ​ការ​ ហើយ ខ្ញុំ​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​ គោព្រៃ​​ផង។ ខ្ញុំ​​អាច​ហាត់​ខ្លួន​​ឯង​ និង ​បង្ហាត់​សិស្ស​ផង»។ ​កីឡាករ​វ័យ​ ៣០​ឆ្នាំ​រូប​នេះ​​​បាន​រំលឹក​ថា​ ​ពេល​ខ្លួន​​ទៅ​ប្រកួត​​សង្វៀន​ ONE លើក​ដំបូង​ ​​ក្រោយ​រៀប​​​ការ​រួច​​ថ្មីៗ​ កាល​ឆ្នាំ​ ​​២០១៧ និង ​មិន​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​​ត្រលប់​មក​វិញ​ឡើយ។ ​ប៉ុន្តែ​បើ​និយាយ​អំពី​ការ​ប្រកួត​នៅ​ក្នុង​ស្រុក​វិញ​ ​​​​សូដា ​តែង​តែ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​​​ក្នុង​ប្រភេទ​ទម្ងន់​ ត្រឹម​ ​៥៥ ទៅ​ ​៥៧​ គីឡូក្រាម។

វិដេអូប្រកួត ផាត សូដា​និង Elipitua Siregar

សូដា ​បញ្ជាក់​​ទៀត​ថា៖«​​​​​តាម​ពិត​ ​​ខ្ញុំ​ចង់​ប្រកួត​ណាស់​បង​ ប៉ុន្តែ ​ជីវភាព​​គ្រួសារ​​មាន​តម្រូវ​ការ​ច្រើន​ជាង។ ខ្ញុំ​ធ្វើ​ការ​រោងចក្រ​ ផង និង​បង្ហាត់​ផង​ដើម្បី​​បាន​កម្រៃ​ទប់​គ្នា​ព្រោះ​ប្រពន្ធ​​ខ្ញុំ​នៅ​ផ្ទះ​មើល​កូន។​ បើ​សិន​ខ្ញុំ​​រង់​ចាំ​តែ​ឡើង​សង្វៀន​ គឺ ទប់​អត់​ជាប់​ទេ។ ​បើ​ប្រកួត​ក្នុង​​​ស្រុក​អាច​មួយ​ខែ ម្ដង​ ប៉ុន្តែ ពេល​ខ្លះ​អត់​បាន​ប្រកួត​​ទៀត។ ដូច្នេះ​ខ្ញុំ​មិន​អាច​​ហ្វឹកហាត់​ដើម្បី​​​រង់​ចាំ​តែ​ប្រកួត​មួយ​​មុខ​បាន​ព្រោះ​មិន​មែន​ខ្លួន​មួយ។ ​​ខ្ញុំ​ផ្អាក​​វ៉ៃ​ក្នុង​ស្រុក​ជិត​ ២ ឆ្នាំ​ហើយ​កូន​​ខ្ញុំ​មាន​អាយុ​ជាង​១​ ឆ្នាំ»។

អតីត​កូន​សិស្ស​លោក​ ហ៊ុន ច័ន្ទរាជ្យ​ បាន​បង្ហើប​​ការ​តាំង​ចិត្ត​​​ថា​ ​រូប​គេ​អាច​​នឹង​ឡើង​សង្វៀន​​​​សា​ជា​ថ្មី​​បើ​សិន​មាន​ពេល​សម​ស្រប​ណា​មួយ។​

ផាត សូដា ​ជា​អតីត​​អ្នក​លេង​គុន​ចម្រុះ​ល្បី​ឈ្មោះ​ម្នាក់​​ក្នុង​ចំណោម​ ​មាស ម៉ើ, ថៃ រិទ្ធី និង​ ស៊ឹម ប៊ុនស្រ៊ន់ ជា​ដើម។ សូដា ​​បាន​ធំ​ដឹង​ក្ដី​ជា​ក្មេង​កំព្រា​មក​ពី​ខេត្ត​ព្រៃវែង​ និង​បាន​​ចូល​ហាត់​​គុន​ខ្មែរ​ មុន​​​​ចាប់​ផ្ដើម​ហ្វឹកហាត់​​ក្បាច់​គុន​ចម្រុះ​​នៅ​ឆ្នាំ ២០១២​ ​ក្រោម​ការ​បង្វឹក​របស់​​លោក ហ៊ុន ច័ន្ទរាជ្យ ហើយ​គេ​បាន​​ក្លាយ​ជា​កីឡាករ​ឆ្នើម​ម្នាក់​​សម្រាប់​ការ​ប្រកួត​​ដាក់​ទ្រុង​នៅ​កម្ពុជា។

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT